(ភ្នំពេញ)៖ នៅក្នុងឆមាសទី១ ឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន១០៦គម្រោង ដែលក្នុងនោះមានគម្រោងថ្មីចំនួន៩៧ និងគម្រោងពង្រីកផលិតកម្មចំនួន០៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨។
ទុនវិនិយោគសរុប នៃគម្រោងដែលត្រូវបានអនុម័តទាំងនេះ មានចំនួនប្រមាណ ៣,៥០០លានដុល្លារអាមេរិក ដែលបង្កើតការងារ បានប្រមាណជិត១០ម៉ឺនកន្លែង។
ជាមួយគ្នានេះ ការវិនិយោគលើវិស័យឧស្សាហកម្ម និងកម្មន្តសាលមានការកើនទ្បើង២២% ក្នុងនោះគម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់កើនទ្បើង៨គម្រោង ពី១៥គម្រោង ក្នុងឆមាសទី១ ឆ្នាំ២០១៧ មក២៣គម្រោង ក្នុងឆមាសទី១ ឆ្នាំ២០១៨។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា តួលេខវិនិយោគនេះ បានបង្ហាញឱ្យឃើញនូវនិន្នាការនៃការវិនិយោគ ដែលមានការកើនឡើង នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ដោយមិនមានសញ្ញានៃការរារែក ឬការបង្អែរបង្អង់ក្នុងការបណ្តាក់ទុនវិនិយោគឡើយ៕