(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នេះលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា យោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ស្តីពីការផ្អាកលក់ដូរ និងពិសារគ្រឿងស្រវឹងនៅមួយថ្ងៃមុនបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ រដ្ឋបាលខេត្តបានផ្សព្វផ្សាយដល់ក្រុមអាជីវករដែលលក់ដូរគ្រឿងស្រវឹងទាំងអស់ នៅក្នុងការគ្រប់គ្រងរបស់ខេត្តកំពង់ស្ពឺ ឲ្យមានការគោរពសេចក្តីណែនាំខាងលើ ឲ្យបានជាដាច់ខាត។
ជាលទ្ធផល នៅតាមទីប្រជុំជនក្នុងមានផ្សារ កន្លែងលក់ដូរគ្រឿងហូបចុកប្រចាំថ្ងៃ នៅលក់ដូរជាធម្មតា ដោយឡែកកន្លែងលក់គ្រឿងស្រវឹង ខារ៉ាអូខេ និងហាងផឹកស៉ីទាំងអស់ ហាក់ស្ងប់ស្ងាត់ស្ទើរ១០០ភាគរយនៅទូទាំងខេត្ត។ ម្ចាស់ហាង បានយល់អំពីគោលបំណងរបស់រាជរដ្ឋាភិបាល ដែលចង់ឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយភាពរលូន និងគ្មានហិង្សា ដែលកត្តាហិង្សាជាច្រើនកើតចេញពីករណីហូបគ្រឿងស្រវឹង។
លោក វ៉ី សំណាង បានបញ្ជាក់ទៀតថា លោកពិតជាមានមោទនភាពណាស់ ដែលក្រុមអាជីវករបានយល់ច្បាស់អំពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងទទួលយកការអប់រំរបស់អាជ្ញាធរខេត្តកំពង់ស្ពឺ ដោយស្មោះត្រង់ចំពោះជាតិ និងសន្តិសុខរបស់ប្រទេសទាំងមូល៕