(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២៨ ខែកក្កដានេះថា វេលាម៉ោង៣៖០០នាទីរសៀល ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រស្អែកនេះ ជាកាលកំណត់បិទការិយាល័យបោះឆ្នោតទាំងអស់នៅទូទាំងប្រទេស ប៉ុន្តែបើមានការិយាល័យបោះឆ្នោតណាដែលប្រាកដថា អ្នកបោះឆ្នោតមកបោះឆ្នោតគ្រប់គ្នា ក្នុងបញ្ជីបោះឆ្នោតមុនម៉ោង៣រសៀល អាចបិទការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតមុនបាន។
លោកថ្លែងយ៉ាងដូច្នេះថា «បើសិនណាជាអ្នកបោះឆ្នោតមកបោះគ្រប់គ្នាហើយ ការិយាល័យបោះឆ្នោតនោះមានសិទ្ធិបិទការិយាល័យមុនបាន ហើយការរាប់សន្លឹកឆ្នោត ក៏អាចធ្វើបានបន្ទាប់ពីរៀបរយការបិទការិយាល័យរួចរាល់»។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា កាលកំណត់បិទការិយាល័យបោះឆ្នោតទាំងអស់នៅទូទាំងប្រទេស គឺត្រឹមម៉ោង៣៖០០នាទីរសៀល។
សូមជម្រាបថា គ្រប់ការិយាល័យបោះឆ្នោតទាំងអស់នៅទូទាំងប្រទេស មានចំនួនជាង២ម៉ឺនការិយាល័យ ដែលនឹងបើកទ្វាទទួលអ្នកបោះឆ្នោតចាប់ពីម៉ោង ៧៖០០នាទី ព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ៕