(ភ្នំពេញ)៖ យោងតាមការស្ទង់មតិនៅលើបណ្ដាញសង្គម Facebook ដែលធ្វើឡើងនៅមុន៧ថ្ងៃ នៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ បានបញ្ជាក់ថា មានប្រជាពលរដ្ឋខ្មែរចំនួន៨៤ភាគរយ នឹងអញ្ជើញទៅបោះឆ្នោតដ៏ធំមួយនេះ។
បើតាមការស្ទង់មតិ មានគណនី Facebook ចំនួន ៩,៨៥៦ ដែលបានចូលរួមបញ្ចេញយោបល់ ហើយក្នុងនោះបានបញ្ចេញយោបល់ទៅបោះឆ្នោត មានចំនួន ៨,២៨០ និងមិនទៅបោះឆ្នោត មានចំនួន ១,៥៧៦ នោះមានន័យថា ប្រជាពលរដ្ឋខ្មែរ ៨៤ភាគរយទៅបោះឆ្នោត ហើយ១៦ភាគរយមិនទៅបោះឆ្នោត។
អ្នកជំនាញបានអះអាងថា ការស្ទង់មតិនេះ មានចរិកស្របតាមរដ្ឋធម្មនុញ្ញ ដែលលើកទឹកចិត្តប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតឲ្យបានទាំងអស់គ្នា ដូច្នេះការប្រើប្រាស់ការស្ទង់មតិ រហូតដល់ថ្ងៃបោះឆ្នោត មានភាពល្អប្រសើរ ហើយក៏មិនមានអីរំខានដល់ការបោះឆ្នោតដែរ។
មាត្រា៣៤នៃរដ្ឋធម្មនុញ្ញ បានចែងថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានសិទ្ធិទៅបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត ដូច្នេះសូមប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដែលមានតែមួយថ្ងៃគត់ ចាប់ពីម៉ោង០៧ព្រឹក រហូតដល់ម៉ោង៣រសៀល៕