(ភ្នំពេញ)៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញលិខិតមួយ ដោយអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ នេះបើយោងតាមសេចក្តីអំពាវនាវរបស់គ.ជ.ប នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ។
តាមសេចក្តីអំពាវនាវ បានឲ្យដឹងថា «យោងតាមមាត្រា៧២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ឈប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ គ.ជ.ប សួមអំពាវនាវ ដល់គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង១២៖០០យប់ ថ្ងៃទី២៧ រហូតដល់ម៉ោង១២៖០០យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨»៕