(ភ្នំពេញ)៖ នៅសប្តាហ៍ក្រោយនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រយៈពេល៦ថ្ងៃ នៅសាធារណរដ្ឋសិង្ហបុរី។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ។ វត្តមានរបស់ប្រមុខការទូតកម្ពុជា នៅប្រទេសសិង្ហបុរីពេលនេះ ធ្វើតាមការអញ្ជើញរបស់ លោក វីវៀន បាឡាគ្រីស្សណាន (Vivian Balakrishnan) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសឹង្ហបុរី
អំឡុងពេលនៅសិង្ហបុរី លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រំពឹងថា នឹងចូលរួមកិច្ចប្រជុំមួយចំនួន ដូចខាងក្រោម៖
* កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
* ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥១
* សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី១៩
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ាលើកទី៨ និង
* វេទិកាតំបន់អាស៊ានលើកទី២៥ ។
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន» នឹងឆ្លុះបញ្ចាំងអំពីការតាំងចិត្តដ៏មុះមុតរបស់អាស៊ាន ក្នុងការពន្លឿនដំណើរការកសាងសហគមន៍អាស៊ាន និងបន្តស្ថិតនៅជាអង្គការតំបន់គួរឱ្យទុកចិត្តនៅក្នុងការថែរក្សា និងលើកស្ទួយសន្តិភាព ស្ថេរភាព និងវិបុលភាព។
គួរកត់សម្គាល់ថា ក្នុងនាមជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងធ្វើជាសហប្រធានកិច្ចប្រជុំ «សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស បូកសាធារណរដ្ឋកូរ៉េ» ជាមួយ លោកជំទាវ កាង ឃ្យុងវ៉ា (Kang Kyung-wha) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋកូរ៉េ។
ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំដទៃទៀត ដូចខាងក្រោម ៖
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសគំនិតផ្តួចផ្តើមមេគង្គក្រោម និង
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ ។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រួមជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ានដទៃទៀត នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយលោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសឹង្ហបុរី។ បន្ថែមពីនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រមុខគណៈប្រតិភូនៃប្រទេសមួយចំនួនផងដែរ៕