(ភ្នំពេញ)៖ អ្នកនាំពាក្យ គ.ជ.ប លោក ឌឹម សុវណ្ណារុំ បានឱ្យដឹងថា ក្នុងថ្ងៃទី២៨ ខែកក្កដានេះ សម្ភារៈនានាដែលបម្រើដល់ការបោះឆ្នោត បាននិងកំពុងបញ្ជូនទៅកាន់ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតទាំងជាង ២ម៉ឺនការិយាល័យ នៅទូទាំងប្រទេសកម្ពុជា ដើម្បីត្រៀមទុកសម្រាប់ប្រើប្រាស់ក្នុងពេលបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ។
បើតាមលោក លន់ ឆេងកៃ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ថា នៅរាជធានីភ្នំពេញមានអ្នកបោះឆ្នោតចំនួន ៨៦៦,២៦៥នាក់ ដែលចែកចេញជា ២,១៣៨ការិយាល័យ និងត្រូវសង់រោងចំនួន ៦៤០ការិយាល័យ។ ការិយាល័យទាំង ២,១៣៨ការិយាល័យ ដាក់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ តាមវត្តអារាម តាមទីធ្លារ និងតាមផ្លូវសាធារណៈប្រមូលផ្តុំ ២៦៧ទីតាំង។ នៅមណ្ឌលភ្នំពេញមាន ១២អាសនៈ ដោយមានបេក្ខជនសរុប ៤៥៦នាក់ មកពីគណបក្ស១៩គណបក្ស។ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែកក្កដា គឺការបោះឆ្នោតនឹងចាប់ផ្តើមនៅម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល៕
សូមទស្សនា សេចក្តីរាយការណ៍របស់ Fresh News និងកិច្ចសម្ភាសជាមួយលោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប ស្តីពីការបញ្ជូនសម្ភារបោះឆ្នោត ទៅកាន់ការិយាល័យបោះឆ្នោតទូទាំងប្រទេសក្នុងវីដេអូខាងក្រោម៖