(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តរតនគិរី នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រោះមហន្តរាយខេត្ត ដើម្បីពិនិត្យលើបញ្ហាគ្រោះទឹកជំនន់កន្លងមក និងដាក់ចេញវិធានការត្រៀមបង្ការ និងការឆ្លើយតបសង្គ្រោះបន្ទាន់ នាពេលខាងមុខ។
លោកអភិបាលខេត្តបានឱ្យដឹងថា យោងតាមស្ថានភាពការប្រែប្រួលអាកាសធាតុកន្លងមក បានបង្កឱ្យមានភ្លៀងធ្លាក់បន្តបន្ទាប់បង្កឡើងជាទឹកជំនន់ និងបង្កនូវផលប៉ះពាល់មួយចំនួនដល់ប្រជាពលរដ្ឋ។
លោកបានកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ ទន្ទឹមគ្នានេះ លោកបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់អង្គភាព អង្គការដៃគូរសង្គមស៊ីវិល ចូលរួមសហការគ្នាក្នុងសកម្មភាពសង្គ្រោះប្រជាពលរដ្ឋ តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន និងត្រៀមវិធានការសរុប មធ្យោបាយសរុប កម្លាំងសរុបសម្រាប់អន្តរាគមន៍ក្នុងករណីកើតមានគ្រោះធម្មជាតិជាយថាហេតុ។
លោក ថង សាវុន ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវរក្សាឱ្យបាននូវទីតាំងទួលសុវត្ថិភាព ទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមនៅក្នុងមូលដ្ឋាន ពេលមានករណីគ្រោះមហន្តរាយកើតឡើង។
តាមរបាយការណ៍កិច្ចប្រជុំបានឱ្យដឹងថា ជំនន់ទឹកទន្លេសេសានកន្លងមកនៅក្នុងខេត្តរតនគិរី បានបង្កជាផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេសេសាន ស្ថិតនៅក្នុងស្រុកតាវែង និងស្រុកវើនសៃ ជាង១ពាន់គ្រួសារ និងប៉ះពាល់ទ្រព្យសម្បត្តិ ដីស្រែចម្ការមួយចំនួន ប៉ុន្តែជំនន់ទឹកទន្លេសេសានជាតំបន់ខ្ពង់រាប ឆាប់ស្រកទៅវិញ ដូចនេះមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋឡើង៕