(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ចេមស៍ ម៉ាត់ទីស (James Mattis) បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងគិតគូរបញ្ជូនមន្រ្តីយោធាទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីធ្វើការរុករកនូវអដិ្ឋធាតុថែមទៀត នៃពលទាហានអាមេរិក ដែលបានពលីជីវិត កាលពីសម័យសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៨។
កាលពីថ្ងៃសុក្រម្សិលមិញនេះសេតវិមានបានឲ្យដឹងថា យន្តហោះយោធាមួយគ្រឿងរបស់ខ្លួន បាននាំយកអដិ្ឋធាតុរបស់កងទ័ពអាមេរិក ពីកូរ៉េខាងជើងមកវិញហើយ ខណៈអដិ្ឋធាតុទាំងស្រុង ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានទ័ពអាកាសអាមេរិក Osan នៅលើទឹកដីប្រទេសកូរ៉េខាងត្បូង ជាទីដែលពិធីធ្វើមាតុភូមិនិវត្តន៍ផ្លូវការ នឹងត្រូវប្រាព្ធឡើងនៅថ្ងៃទី០១ ខែសីហាខាងមុខនេះ។
គួរជម្រាបថា បើតាមការបញ្ជាក់ពីអនុប្រធានាធិបតីអាមេរិក លោក Mike Pence រូបលោកនឹងធ្វើដំណើរទៅកាន់កោះហាវ៉ៃ ដើម្បីទទួលអដ្ឋិធាតុនៃកងទ័ពអាមេរិកទាំងនោះ៕