(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា លោក សំ សឿន នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានអំពាវនាវយ៉ាងទទូចដល់កម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ស្អែកនេះទាំងអស់គ្នា។
ខណៈប្រជាពលរដ្ឋកំពុងសម្រុកចេញពីរាជធានីភ្នំពេញយ៉ាងច្រើនកុះករ លោក សំ សឿន ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់គ្នា ដែលកំពុងធ្វើដំណើរនៅតាមដងវិថី ឆ្ពោះទៅស្រុកកំណើតដើម្បីចូលរួមក្នុងការបោះឆ្នោត សូមបង្កើននូវស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ និងគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ជៀសវាងការជួបឧប្បត្តិហេតុផ្សេងៗ៕