Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋ កម្មករ-កម្មការិនី សម្រុកចេញពីរាជធានីភ្នំពេញ ទៅបណ្ដាស្រុកកំណើត ដើម្បីចូលរួមបោះឆ្នោត នៅថ្ងៃអាទិត្យ ស្អែកនេះ

28-07-2018 10:41

(ភ្នំពេញ)៖ ក្រោយបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរ ដែលគ្រប់អាយុបោះឆ្នោត មានទាំងសិស្ស និស្សិត បុគ្គលិកបម្រើការងារតាមបណ្តាក្រុមហ៊ុន ជាកម្មករ កម្មការិនី យ៉ាងច្រើនកុះករ បាននាំគ្នាសម្រុកធ្វើដំណើរពីរាជធានីភ្នំពេញ ចេញទៅស្រុកកំណើត ទៅចូលរួមបោះឆ្នោត នៅតាមមណ្ឌលរៀងៗខ្លួន ដើម្បីសម្ដែងពីឆន្ទៈក្នុងការជ្រើសរើសមេដឹកនាំប្រទេសជាតិ នាឱកាសប្រាំឆ្នាំម្ដង នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ។

នៅរាជធានីភ្នំពេញឯណេះវិញ តាមបណ្ដាផ្លូវជាតិធំៗមួយចំនួន ដូចជាផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ គេសង្កេតឃើញមានក្រុមកម្មករ កម្មការិនី និងប្រជាពលរដ្ឋ អ្នកដំណើរផ្សេងទៀត ពិតជាមមាញឹកញាប់ដៃ ញាប់ជើង ក្នុងការរកមធ្យោបាយធ្វើដំណើរ ចេញទៅលំនៅដ្ឋាន តាមបណ្តាចំណតរថយន្តផ្សារថ្មី ផ្សារអូរឡាំពិក ផ្សារដើមគរ និងបណ្តាចំណតរថយន្តដទៃទៀត សុទ្ធតែមានភាពសប្បាយរីករាយដូចៗគ្នា ដោយមានកម្លាំងសមត្ថកិច្ចចេញជួយអន្តរាគមន៍ សម្រួលចរាចរណ៍ឲ្យរថយន្តបានធ្វើដំណើរឆាប់រហ័ស ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យឈប់សម្រាក ដើម្បីមានពេលវេលាគ្រប់គ្រាន់ក្នុងការទៅចូលរួមបោះឆ្នោតទាន់ពេលវេលា។

ទោះបីយ៉ាងណា ទាំងប្រជាពលរដ្ឋ និងកម្មករ កម្មការិនី យ៉ាងសន្ធឹកសន្ធាប់ ទាំងចាស់ក្មេង ដែលគ្រប់អាយុបោះឆ្នោត គឺបាននាំគ្នាធ្វើដំណើរតាមរយៈរថយន្ដឈ្នួល សម្រុកចេញទៅតាមតាមបណ្ដាខេត្តនានា សំដៅលំនៅដ្ឋាន ដើម្បីចូលរួមបោះឆ្នោត និតិកាលទី៦ នៃរដ្ឋសភា ក្នុងការជ្រើសរើសមេដឹកនាំសម្រេចនូវជោគវាសនាប្រទេសជាតិ ដែលពួកគាត់ជឿទុកចិត្តអាចជួយឲ្យជីវភាពប្រសើរឡើង និងរស់នៅប្រកបដោយសុខដុមរមនា គឺជាការបញ្ជាក់ឲ្យឃើញពីគុណតម្លៃ នៃសន្លឹកឆ្នោតមួយសន្លឹករបស់ពួកគាត់រៀងៗខ្លួន៕