(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់បណ្តាញព័ត៌មានFresh News ឱ្យដឹងថា វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែបន្តសន្ទុះឈានឡើងខ្លាំងដដែល ទោះបីនៅក្នុងពេលនេះ ជាដំណាក់កាលដែលកម្ពុជា ត្រូវធ្វើការបោះឆ្នោតជាតិក៏ដោយ។
លោកចាត់ទុកថា ភាគរីកចម្រើននេះ គឺបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ប្រទេសកម្ពុជា គឺពោរពេញទៅដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ដែលអ្នកវិនិយោគទុនមិនជឿលើការឃោសនារបស់ ជនអគតិមួយចំនួន ដែលមួលបង្កាច់បង្ខូចអំពីស្ថានភាពកម្ពុជានោះទេ។
តាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុងរយៈពេល០៦ខែ ដើមឆ្នាំ២០១៨ ក្រសួងរៀបចំដែនដី បានផ្ដល់លិខិតអនុញ្ញាតដល់ការសាងសង់នៅកម្ពុជា បានចំនួន១,៦៤៣គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុប ៥,៣៥២,៤២២ម៉ែត្រការ៉េ មានតម្លៃវិនិយោគប៉ាន់ស្មាន ២,១៥៣,២១១,១១៨ ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះទុនវិនិយោគមកពីបរទេស មានចំនួន៨ប្រទេស មាន២១គម្រោង មានផ្ទៃក្រឡាសំណង់សរុប៩២៨,២៦៧ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មាន ៣៩៤,៣៣២,៣០០ដុល្លារ។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានឱ្យដឹងបន្តទៀតថា វិស័យសំណង់ផ្ដល់ការងារដល់អ្នកជំនាញ និងកម្មករប្រមាណ១៨ ម៉ឺននាក់ក្នុងមួយថ្ងៃនៅតាមការដ្ឋានសំណង់នៅទូទាំងប្រទេស ព្រមទាំងទទួលបានប្រាក់ឈ្នួលពី៤០០ដុល្លារ ទៅ២,៥០០ដុល្លារ ក្នុងមួយខែ ដែលនេះអាចសបញ្ជាក់នូវជំនឿជឿជាក់ និងសុទិដ្ឋិនិយមរបស់វិនិយោគិន ក៏ដូចជាប្រជាពលរដ្ឋ មកលើសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងគ្រប់កាលៈទេសៈទាំងអស់៕