(តាកែវ)៖ លោក សុខ សូកាន បេក្ខជនតំណាងរាស្ដ្រមណ្ឌលតាកែវ និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ នៅពេញថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាង៣,៥០០នាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅថ្ងៃបិទបញ្ចប់យុទ្ធនាការរយៈពេល២១ថ្ងៃ ដែលកំណត់ដោយ គ.ជ.ប។
យុទ្ធនាការឃោសនានៅថ្ងៃបញ្ចប់នេះ ក៏មានការចូលរួមពី លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ និងសមាជិកក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំទាំង១២ នៃស្រុកគិរីវង់ ព្រមទាំងលោកប្រធានគណៈកម្មាធិការគណបក្សស្រុកគិរីវង់។
ការហែក្បួនឃោសនា បានធ្វើដំណើរឆ្លងកាត់តាមស្ទើរតែគ្រប់ឃុំទាំង១២ នៃស្រុកគិរីវង់ ដោយទទួលបានការឈរស្វាគមន៍ អបអរសាទរ ក្បួនឃោសនាយ៉ាងកក់ក្តៅជាទីបំផុតតាមដងផ្លូវ ពីសំណាក់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋតាមភូមិនីមួយៗសរុបជាង១ម៉ឺននាក់ ប្រកបដោយស្នាមញញឹម ភាពរួសរាយរាក់ទាក់ និងភាពស្និទ្ធស្នាលបំផុត ដែលជាការបង្ហាញពីមហាសាមគ្គីភាព ការស្រលាញ់គាំទ្រ និងការជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា។
ក្នុងនាមជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ លោក សុខ សូកាន បានថ្លែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក និងឃុំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធ និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងកន្លងមក ហើយក៏សូមអរគុណ និងថ្លែងនូវការកោតសរសើរដោយស្មោះ ជូនដល់ថ្នាក់ដឹកនាំមូលដ្ឋានស្រុកគិរីវង់ គ្រប់លំដាប់ថ្នាក់ ចាប់តាំងពីប្រធានក្រុមបក្ស សាខាបក្សភូមិ គណបក្សឃុំ និងស្រុក ព្រមទាំងសមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមដែលបក្សបានប្រគល់ជូនពេញមួយអាណត្តិ។
លោក សុខ សូកាន បានថ្លែងបន្តថា ក្នុងអំឡុងរយៈពេល២១ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា ស្រុកគិរីវង់គ្រប់ជាន់ថ្នាក់ គឺបានធ្វើសកម្មភាពយ៉ាងផុលផុស និងជោគជ័យបំផុតនៅមូលដ្ឋានភូមិ ឃុំទាំងអស់ទូទាំងស្រុក ហើយថាសភាពការទូទៅក្នុងស្រុកគិរីវង់ គឺមានភាពប្រក្រតីល្អណាស់ មិនមានកើតអំពើហិង្សា ឬការឈ្លោះទាស់ទែងគ្នាណាមួយ រវាងគណបក្សនយោបាយនោះទេ គឺមានការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។
លោកបានសង្កត់ធ្ងន់ថា ការជួបជុំជាលក្ខណៈមហាគ្រួសារគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ ក្នុងឱកាសហែរក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោតនេះ គឺជាការឆ្លុះបញ្ជាំងពី៖ ឧត្តមភាព និងប្រៀបឈ្នះរបស់គណបក្ស, ស្មារតីសាមគ្គីភាព និងភាតរភាពដ៏រឹងមាំ រវាងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកគិរីវង់, ភក្តីភាពឥតងាករេរបស់សមាជិក សមាជិកា ស្រុកគិរីវង់ទាំងអស់ ចំពោះគណបក្សប្រជាជនកម្ពុជា និងជាពិសេស គឺការរួមគ្នាតែមួយដើម្បីបន្តរក្សាកេរ្តិ៍ឈ្មោះ ស្រុកគិរីវង់ ជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាមរតស្នាដៃដ៏ថ្លៃថ្លារបស់សម្តេចវិបុលបញ្ញា សុខ អាន។
លោករួមទាំងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ទាំងអស់ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមោះមុត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់អាណត្តិទី៦ និងដើម្បីបន្តរក្សាកេរិ៍តឈ្មោះស្រុកគិរីវង់ជាមូលដ្ឋានដ៏រឹងមាំ របស់គណបក្សប្រជាជនកម្ពុជា៕