(កណ្តាល)៖ លោក លឹម គានហោ ប្រធានក្រុមការងារចុះជួយស្រុកពញាឮ ខេត្តកណ្តាល ព្រមទាំងក្រុមការងារគ្រប់ថ្នាក់ចុះពង្រឹងមូលដ្ឋាន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំសមាជិក សមាជិកា ក្រុមយុវជន គណបក្សប្រជាជនកម្ពុជារាប់ពាន់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ នៅទូទាំងស្រុក ដោយបានដង្ហែក្បួនឆ្លងកាត់នៅគ្រប់ឃុំទាំងអស់ នាថ្ងៃចុងក្រោយនេះ។
ថ្លែងក្នុងឱកាសបិទយុទ្ធនាការនេះ លោក លឹម គានហោ បានអំពាវនាវដល់សមាជិក សមាជិកាបក្ស និងអ្នកគាំទ្រទាំងអស់ សូមអញ្ជើញនាំបងប្អូនសាច់ញាតិដែលមានសិទ្ធិបោះឆ្នោត ទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី២០។
លោកបន្តថា គណបក្សប្រជាជនកម្ពុជាឈ្នះ គឺប្រជាជនកម្ពុជាឈ្នះទាំងអស់គ្នា និងថែរក្សាការពារបានសុខសន្តិភាព និងសង្គមជាតិទាំងមូលកាន់តែរីកចម្រើនឡើង ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែធូរធា។
ពេញមួយថ្ងៃនេះ លោក លឹម គានហោ បានដឹកនាំសមាជិកមួយចំនួន ចុះសួរសុខទុក្ខដោយផ្ទាល់ និងជួបសមាជិកគ្រប់ឃុំទាំងអស់ ខណៈក្រុមការងារផ្តោតទៅលើការឃោសនានៅក្នុងឃុំនីមួយៗ ដោយមានការប្រគុំតន្រ្តីនៅតាមឃុំទាំងអស់ ឃុំខ្លះ១វង់ ខ្លះ២វង់ រាំលេងកំសាន្តរហូតដល់យប់ម៉ោង១០ ទៅម៉ោង១១ ទើបបិទបញ្ចប់៕