(ព្រៃវែង)៖ តាំងពីព្រឹកព្រលឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ នៅតាមផ្លូវនានាចេញពី ភូមិទាំង១០៨ ក្នុងឃុំទាំង៩ នៃស្រុកបាភ្នំ គេសង្កេតឃើញមានក្បួនយុទ្ធនាការឃោសនាបោះឆ្នោតចូលរួមដង្ហែដោយអ្នកគាំទ្រជាច្រើនដែលជិះម៉ូតូរាប់ពាន់គ្រឿង ពាក់អាវ ពាក់មួកមានសញ្ញាគណបក្ស ដៃកាន់ទង់ជាតិនិងទង់គណបក្សព្រោងព្រាតដោយមានរថយន្តតាំងលំអសញ្ញាគណបក្សរូបទេវតាធំៗ អមដោយរូបថតថ្នាក់ដឹកនាំគណបក្ស ហើយមានក្រុមឆៃយ៉ាំប្រគុំសម្តែងយ៉ាងអឺងកងកំដរក្នុងពេលដង្ហែនេះផង ហែមកកាន់ទីលានបាល់ទាត់ស្ថិតនៅមុខស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ។
នៅទីនោះគេសង្កេតឃើញមានអ្នកគាំទ្រជាច្រើនរង់ចាំទទួលក្បួនដង្ហែ ដោយមានក្រុមតន្ត្រីសម័យរបស់សិល្បៈករ សិល្បៈការនីល្បីៗប្រចាំកម្ពុជាដែលភាគច្រើនមានស្រុកកំណើតនៅក្នុងស្រុកបាភ្នំនេះដូចជា លោកបណ្ឌិត ហ៊ឹម សុភី លោក ខ្ចៅ ពេជ្រ លោក ហួត ធា(ហៅ ចេវ) លោកស្រី ហ៊ឹម សាវី លោក កែវ សុភី លោកស្រី ទេព បុប្ផា ជាដើម បានចូលរួមប្រគុំកំដរពិធីដ៏អធិកអធមនេះផងដែត ដែលសរុបចំនួនអ្នកចូលរួមទាំងអស់មានប្រមាណជាង១៣.០០០នាក់។
ក្រោយពីអង្គពិធីទាំងមូលបានត្រងត្រាប់ស្តាប់សេចក្តីថ្លែងការណ៍ប្រកបដោយអត្តន័យខ្លឹមសារជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្សាយផ្ទាល់ពីមហាមីទ្ទិញបិទយុទ្ធនាការឃោនាបោះឆ្នោតនៅកោះពេជ្រនារាជធានីភ្នំពេញរួចមក លោក ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំបានឡើងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋដែលបានគាំទ្រយុទ្ធនាការ និងអ្នកចូលរួមពិធីយុទ្ធនាការឃោសនា ពិសេសក្រុមការងារ និងគណបក្សមូលដ្ឋានភូមិឃុំទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការចុះទៅជួបផ្ទាល់ជាមួយអ្នកបោះឆ្នោតនៅតាមខ្នងផ្ទះនីមួយៗក្នុងស្រុកទាំងមូលដោយពាំនាំសារនយោបាយរបស់គណបក្ស និងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឱ្យបានគ្រប់ៗគ្នាកុំបីអាក់ខានឡើយ។
ជោគជ័យត្រចះត្រចង់នៃយុទ្ធនាការឃោនាបោះឆ្នោតលើកនេះដែលមានប្រជាពលរដ្ឋចូលរួមយ៉ាងសកម្មផុលផុស និងច្រើនឥតគណនាយ៉ាងដូច្នេះ គឺបានបង្ហាញច្បាស់ថាប្រជាពលរដ្ឋក្នុងស្រុកបាភ្នំទាំងមូលនៅតែគាំទ្រគណបក្សប្រជាជនកម្ពុជាដោយឥតងាករេហើយប្តេជ្ញាទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជំនះ ដើម្បីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើនលូតលាស់ ក្នុងសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋជាបន្តទៅទៀត។
នៅរសៀលថ្ងៃដដែលចាប់ពីម៉ោង ១៦៖០០នាទី នៅទីលានបាល់ទាត់ដដែល ក្នុងពេលដែលក្រុមតន្ត្រីសម័យកំពុងបន្តប្រគុំកំដរ មានបងប្អូនកម្មករ ពលករចំណាកស្រុក ដែលទើបនឹងបានវិលត្រឡប់មកដល់ភូមិស្រុកវិញបានមកប្រមូលផ្តុំជួបជុំគ្នាដើម្បីចូលរួមក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះផងដែរ។
ថ្លែងក្នុងនាមក្រុមការងារស្រុកទៅកាន់បងប្អូនចំណាកស្រុកប្រមាណជិត ៣,០០០នាក់នោះ លោក ព្រុំ សុខាបានលើកសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ និងក្រុមញាតិគ្រួសារក្នុងការលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារនីមួយៗ រួមចំណែកដល់ការរីកចម្រើន អភិវឌ្ឍរបស់មូលដ្ឋាន។
លោកប្រធានក្រុមការងារក៏បានអំពាវនាវឱ្យបងប្អូនចំណាកស្រុកទាំងអស់ និងក្រុមញាតិគ្រួសារទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឱ្យបានគ្រប់គ្នាកុំបីអាក់ខាន ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះត្រចះត្រចង់ ដើម្បីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់អនាគតកាន់តែថ្កុំថ្កើងរុងរឿងសម្រាប់ប្រជាជនគ្រប់រូបក្នុងជំនាន់នេះ និងកូនចៅជំនាន់ក្រោយទៀត៕