Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងយាងត្រឡប់ពីមន្ទីរពេទ្យ ដើម្បីចូលរួមការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា

27-07-2018 20:34

(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងយាងត្រឡប់ពីព្យាបាលព្រះសុខភាពនៅមន្ទីរពេទ្យប្រទេសថៃ មកកាន់កម្ពុជា ដើម្បីចូលរួមការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ អគ្គលេខាធិការដ្ឋានគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលអង្គភាពព័ត៌មាន Fresh News ទទូលបាននៅយប់ថ្ងៃទី២៧ ខែកក្កដា​នេះ។

ទន្ទឹមនឹងការប្រកាសយាងត្រឡប់មកម្ពុជា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតទាំងអស់ ចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ខាងមុខនេះផងដែរ។

សូមបញ្ជាក់ថា សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានរងរបួសយ៉ាងដំណំ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបណ្តាលមកពីរថយន្តតាក់ស៊ី ជែងរថយន្តផ្សេងទៀត ហើយជ្រុលមកបុក ក្បួនព្រះទីនាំងរបស់ព្រះអង្គ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។

គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឱ្យអ្នកម្នាង អ៊ុក ផល្លា រណឫទ្ធិ ទទួលមរណភាព រួមទាំងអ្នករួមដំណើរមួយចំនួនទៀតរងរបួស។ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នេះ សម្តេចក្រុមព្រះ ត្រូវបានគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជូនទៅព្យាបាល នៅក្រៅប្រទេសរហូតមក៕