(ប៉េកាំង)៖ រដ្ឋាភិបាលចិន បានប្រកាសគាំទ្រ និងជូនពរចំពោះការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តនៅក្នុងប្រទេសកម្ពុជា ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមលោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន ដែលបានថ្លែងនៅក្នុងសន្និសីទកាសែតមួយ នៅក្នុងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន។
គេហទំព័រផ្លូវការរបស់ក្រសួងការបរទេសប្រទេសចិន បានផ្សាយថា នៅក្នុងសន្និសីទកាសែតនេះ មានអ្នកសារព័ត៌មានបានលើកជាសំណួរថា៖ «ទាក់ទងនឹងការបោះឆ្នោតរបស់ប្រទេសកម្ពុជា តើភាគីចិនគាំទ្រ ឬមិនគាំទ្រ សម្តេច ហ៊ុន សែន ជាប់ជានាយករដ្ធមន្ត្រីបន្តទៀត? មានមតិខ្លះរិះគន់ភាគីចិនថា ចិនបានគាំទ្រយ៉ាងលើសលប់ដល់នាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន ក្នុងដំណាក់កាលបោះឆ្នោតរហូតដល់ថ្ងៃទី២៩នេះ តើភាគីមានការឆ្លើយតបយ៉ាងដូចម្តេច?»។
លោក Geng Shuang បានឆ្លើយតបត្រឡប់ទៅវិញថា៖ ការបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៦ របស់ប្រទេសកម្ពុជា នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខាងមុខនេះ។ ដោយនេះជារឿងនយោបាយផ្ទៃក្នុង របស់ប្រទេសកម្ពុជា ក៏ជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ប្រជាជនកម្ពុជាផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា៖ «ភាគីចិនគាំទ្រប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ក្នុងការជ្រើសរើសជម្រើសដែលសមស្របនឹងស្ថានភាពរីកចម្រើនជាក់ស្តែងរបស់ប្រទេសកម្ពុជា និងបានជូនពរការបោះឆ្នោតរបស់ប្រទេសកម្ពុជាប្រព្រឹត្តិទៅដោយរលូន»។
លោក Geng Shuang បានមានប្រសាសន៍ថា៖ «ពួកយើងសង្ឃឹមថាសហគមន៍អន្តរជាតិ នឹងដើរតួនាទីស្ថាបនាយ៉ាងសំខាន់ក្នុងការជំរុញឱ្យការបោះឆ្នោតនៅប្រទេសកម្ពុជា ប្រព្រឹត្តិទៅដោយរលូន និងជំរុញឱ្យប្រទេសកម្ពុជាកាន់តែរីកចម្រើនថែមទៀត»។
សូមបញ្ជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៦ នៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចូលរួមច្រើនជាងអាណត្តិមុន មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិច្រើនជាងអាណត្តិមុន ហើយក៏មានអ្នកចូលរួមឃោសនាច្រើនជាងអាណត្តិមុនផងដែរ៕