(ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ដែលបានតាមដានព្រឹត្តិការណ៍ឃោសនាទ្រង់ទ្រាយធំ នាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនា បោះឆ្នោតនៅថ្ងៃសុក្រនេះ បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះស្ថានភាពនយោបាយដ៏ល្អនៅកម្ពុជា។
ពួកគេនិយាយថា ខណៈដែលការបោះឆ្នោតនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ឬប្រទេសដែលមានប្រជាធិបតេយ្យក្មេងខ្ចីជាច្រើន បានប្រព្រឹត្តទៅក្រោមអំពើហិង្សា ការបំផ្ទុះគ្រាប់បែក ធ្វើឲ្យប្រជាពលរដ្ឋ ភ័យខ្លាចភ្នែកនៅកញ្ចឹងក, ប៉ុន្តែការបោះឆ្នោតនៅកម្ពុជា បែរជាធ្វើឡើងក្រោមសំឡេងតន្ត្រីប្រគុំពិរោះរងំ និងការរាំសប្បាយពីសំណាក់ក្រុមអ្នកចូលរួមគាំទ្រគណបក្សនយោបាយទៅវិញ។ ទាំងអ្នកដឹកនាំការឃោសនា ទាំងអ្នកចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត សុទ្ធតែរាំសប្បាយដោយគ្មានការភ័យខ្លាចអ្វីទាំងអស់។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានកោតសរសើរយ៉ាងខ្លាំងចំពោះបញ្ហានេះ ហើយសុទ្ធតែបានសម្តែងការភ្ញាក់ផ្អើល ចំពោះស្ថានភាពនយោបាយនៅកម្ពុជាដោយពួកគេលាន់មាត់ថា មិនដែលឃើញប្រទេសណា ដែលមានសុខសន្តិភាពដូចកម្ពុជាឡើយ។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានប្រៀបធៀបស្ថានភាពនៅកម្ពុជា ទៅនឹងប្រទេសមួយចំនួនទៀតលើពិភពលោកដែលពួក គេធ្លាប់ចូលរួមសង្កេតការណ៍ បោះឆ្នោតគឺខុសគ្នាស្រឡះ។ នៅបណ្តាប្រទេសជាច្រើន ដូចជា នៅប៉ាគីស្ថានថ្មីៗនេះជាដើម អ្នកសង្កេតការណ៍ត្រូវបានគេតម្រូវឲ្យមានការ ប្រុងប្រយ័ត្នខ្ពស់ពីព្រោះអំពើ បំផ្ទុះគ្រាប់បែកភេរវកម្មបានកើតឡើង ជាញឹកញាប់និងបានសម្លាប់មនុស្សយ៉ាងច្រើនគួរឲ្យព្រឺខ្លាច។
ក្នុងស្ថានភាពនេះ ទាំងអ្នកសង្កេតការណ៍ ទាំងអ្នកដឹកនាំយុទ្ធនាការឃោសនា និងទាំងអ្នកចូលរួមគាំទ្របក្សនយោបាយ ស្ថិតក្នុងសភាពប្រុងជើងការ និងក្រោមការភ័យខ្លាចជាប្រចាំ។
ប៉ុន្តែស្ថានភាពនៅកម្ពុជាគឺផ្ទុយស្រឡះដែលធ្វើឲ្យពួកគេប្លែកចិត្តយ៉ាងខ្លាំង។ ការឃោសនាបោះឆ្នោតធ្វើឡើងដោយ ស្ងប់ស្ងាត់ គ្មានអំពើហិង្សា និងជាពិសេសគឺយុទ្ធនាការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅក្រោមសូរតន្ត្រី និងការរាំរែកយ៉ាងសប្បាយរីករាយ។
ក្នុងអារម្មណ៍របស់អ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ កម្ពុជាគឺជាដែនដីដ៏សុខសាន្ត និងពោរពេញដោយការអភិវឌ្ឍន៍ ខុសប្លែកពីព័ត៌មានដែលពួកគេ បានឃើញក្នុងបណ្តាញផ្សាយព័ត៌មាន បរទេសខ្លះដែលស្តាប់ទៅកម្ពុជាជាប្រទេសមួយ ដ៏អាក្រក់គួរឲ្យព្រួយបារម្ភ។ ប៉ុន្តែស្ថានភាពជាក់ស្តែងមិនដូច្នោះទេ។ ប្រជាពលរដ្ឋក្នុងប្រទេសនេះរស់នៅ ដោយសុខសាន្ត មានទឹកមុខញញឹករីករាយ រួសរាយរាក់ទាក់ និងទឹកមុខ ពោរពេញដោយក្តីសង្ឃឹម។ ជាពិសេសពេលបោះឆ្នោតដែលជាធម្មតាគឺជាពេលវេលាដ៏តានតឹងមួយនោះ ក៏កម្ពុជានៅតែគ្មានបញ្ហាអ្វីកើតឡើង ទាំងអស់។ស្ថានភាពដ៏ល្អបែបនេះពិតជាកម្រមានណាស់នៅក្នុងពិភពលោកនេះ។
ជាការពិត កម្ពុជាដែលមានកេរឈ្មោះមិនសូវល្អនៅលើឆាកអន្តរជាតិ គឺដោយសារតែមានពួកដើរ បំពុលបរិយាកាស បំប៉ោង បំភ្លៃ ការពិត និងប្រឌិតរឿងឥតឈប់ឈរ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសជាតិ។ ក្រៅពីធ្វើសកម្មភាពដោយ ខ្លួនឯងមិនអស់ចិត្ត ពួកជ្រុលនិយមមួយក្រុមនេះ ថែមទាំងបានចំណាយលុយដែលបានមកពីការបោកប្រាស់ ដើម្បីជួលពួកបរទេសខ្លះឲ្យបង្កើតរឿងអាក្រក់ៗពីប្រទេសរបស់ខ្លួនដើម្បីផ្សព្វផ្សាយថែមទៀត។
ក្រុមដែលដឹកនាំដោយជនក្បត់ជាតិឈ្មោះ សម រង្ស៊ី និងខ្មែរលក់ឧត្តមគតិឲ្យបរទេសមួយក្តាប់តូចបាន និងកំពុងបន្តយុទ្ធនាការបង្ខូចបង្កាច់ស្ថានការណ៍ពិតនៅកម្ពុជា ដើម្បីគោលដៅដណ្តើមអំណាច និងដើម្បីបានទទួលការអាណិតអាសូរ ជាថ្នូរនឹងការឧបត្ថម្ភលុយកាក់ពីសំណាក់អង្គការ ឬរដ្ឋាភិបាលបរទេស រាប់ទាំងពលរដ្ឋខ្មែររស់នៅក្រៅប្រទេសផងដើម្បីបន្តអាជីព នយោបាយសម្តែង ល្ខោនបោកប្រាស់របស់ខ្លួនបន្តទៀត។
យ៉ាងណាក៏ដោយ ក្នុងសម័យសាកលភាវូបនីយកម្មបើកចំហរជើងមេឃដូចសព្វថ្ងៃ ពួកទុច្ចរិតមួយក្រុមនេះមិនអាចបន្ត បោកប្រាស់សាធារណៈមតិជាតិ និងអន្តរជាតិបានទៀតឡើយ។ ជាក់ស្តែង ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ក៏ដូចជាភ្ញៀវទេសចរ បរទេសដែលបានចូលមកលេងកម្ពុជាសុទ្ធតែបានសម្តែងការភ្ញាក់ផ្អើលចំពោះសុខសន្តិភាព និងការអភិវឌ្ឍន៍មិនគួរឲ្យជឿរបស់ ប្រទេសដ៏តូចមួយនេះ។ ហេតុដូច្នេះហើយបានជាក្រុមប្រឆាំងជ្រុលនិយមទាំង នោះបាត់បង់ការគាំទ្រយ៉ាង គំហុគដែលធ្វើឲ្យសកម្មភាព របស់ពួកគេមិនទទួល បានលទ្ធផលដូចការរំពឹងទុកនោះឡើយ។
ជាក់ស្តែង ការប៉ុនប៉ងបំផ្លាញការបោះឆ្នោតថ្ងៃទី ២៩ កក្កដា នេះបានទទួលបរាជ័យទាំងស្រុង។
បរិយាកាស នៃការបោះឆ្នោតប្រព្រឹត្តិទៅបាន យ៉ាងល្អដែលកម្រប្រទេសណាអាចធ្វើបាន។ ជាពិសេសអ្វីដែល ពិសេសរបស់កម្ពុជាគឺ ការបោះឆ្នោតក្រោមសំឡេងតន្ត្រី និងការហ៊ោរកញ្ចៀវយ៉ាងអឺងកង គឺមិនមែនសំឡេងបំផ្ទុះគ្រាប់បែក និងសម្រែកទ្រហោយំដូចនៅបណ្តាប្រទេសមួយចំនួននោះឡើយ។ នេះហើយគឺជាសភាពការណ៍ពិតនៅកម្ពុជា៕
ដោយ៖ អ្នកសង្កេតការណ៍ជាតិម្នាក់