(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រកាសថា រហូតមកដល់ពេលនេះ មិនមានទីតាំងការិយាល័យបោះឆ្នោតណាមួយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខនេះ ត្រូវបានប៉ះពាល់ដោយសារទឹកជំនន់នោះទេ តែប្រជាពលរដ្ឋអាចនឹងមានការពិបាកក្នុងការធ្វើដំណើរទៅបោះឆ្នោត។
មូលហេតុដែលលោក ហង្ស ពុទ្ធា ថ្លែងបែបនេះ ព្រោះកន្លងមកនេះក្នុងបណ្តាញសារព័ត៌មានបានផ្សព្វផ្សាយថា ទឹកជំនន់ហូរធ្លាក់ពីប្រទេសឡាវ ក្រោយបាក់ទំនប់សេពាន សេណាំណយ ក្នុងខេត្តអាតាពើ ប្រទេសឡាវ បានធ្វើឲ្យការិយាល័យបោះឆោតចំនួនពីរ មានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា «ខ្ញុំសូមជម្រាបផងដែរថា បញ្ហាទឹកជំនន់ យើងមើលក្នុងប្រព័ន្ធព័ត៌មានដូចជាធ្ងន់ធ្ងរណាស់ ប៉ុន្តែគ.ជ.ប មានការសិក្សារួចហើយ។ មកទល់ម៉ោងនេះ មិនអាចប្រើពាក្យបានថា ទឹកជំនន់ដល់ការិយាល័យបោះឆ្នោតទេ គ្រាន់តែថាទឹកជំនន់នេះ វាអាចប៉ះពាល់ដល់គម្រោងទីតាំងរៀបចំការិយាល័យបោះឆ្នោត ពីព្រោះការិយាល័យបោះឆ្នោតអត់ទាន់បានបង្កើតទេឥឡូវហ្នឹង ហើយយើងចេះតែនាំគ្នាប្រើពាក្យថា លិចលង់ប៉ះពាល់ដល់ការិយាល័យបោះឆ្នោត»។
លោកបន្តថា «គម្រោងទីតាំងការិយាល័យបោះឆ្នោតនេះឯងបានពិចារណា ប្រសិនបើមានការលិចលង់យ៉ាងណា គឺថាអាចប្តូរទៅរកទីទួលសុវត្ថិភាព បម្រើសេវាបោះឆ្នោតជូនប្រជាពលរដ្ឋ ប៉ុន្តែហេតុកន្លងមកអាចថា ជាការព្រួយបារម្មណ៍ នៅពេលសិក្សា និងជារបាយការណ៍ចុងក្រោយនេះទៅឃើញថា បញ្ហាអាចមានរឿងតែមួយទេ រឿងការិយាល័យមិនមែនការប៉ះពាល់ទេ គឺមានកន្លែងគ្រប់គ្រាន់សម្រាប់បងប្អូនប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោត ប៉ុន្តែផ្លូវធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋអាចនឹងមានការមូរជើងខោ មានការពិបាកបន្តិច ប៉ុន្តែក្នុងនាមប្រជាពលរដ្ឋកម្ពុជាដែលល្អ និងស្រលាញ់លទ្ធិប្រជាធិបតេយ្យ សូមគោរពអញ្ជើញបងប្អូនទាំងអស់ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា»។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលនេះ ក៏បានចេញសេចក្តីជូនដំណឹងមួយ ដោយបានបញ្ជាក់ថា គិតមកដល់ម៉ោង៣រសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេកុងនៅចំណុចព្រំប្រទល់កម្ពុជា-ឡាវ បានស្រកចុះ០,៦០ម៉ែត្រហើយ។ ដូចនេះ ទឹកទន្លេសេកុងនៅផ្នែកខាងក្រោម នឹងចាប់ស្រកជាបន្តបន្ទាប់គ្នា។
ការិយាល័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ មានចំនួន ២២.៩៦៧ការិយាល័យ ក្នុងនោះខេត្តស្ទឹងត្រែងមានចំនួន ២២៧ការិយាល័យ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដោយមានតែមួយថ្ងៃប៉ុណ្ណោះ ពោលចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល ដោយមានគណបក្សនយោបាយចំនួន ២០ ត្រូវបានទទួលស្គាល់ដោយគ.ជ.ប ដើម្បីចូលរួមប្រកួតប្រជែងយកអាសនៈចំនួនរហូតដល់១២៥៕