(ភ្នំពេញ)៖ លោក អ៉ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និងលោកស្រី បាន ស្រីមុំ បេក្ខជនតំណាងរាស្រ្តខេត្តមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារគ្រប់ថ្នាក់ចុះពង្រឹងមូលដ្ឋាន និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ៨.១៣៥នាក់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ នៅទីរួមខេត្តប៉ៃលិន ដោយបានដង្ហែក្បួនឆ្លងកាត់នៅគ្រប់ឃុំ-សង្កាត់ទាំង៨ នាថ្ងៃចុងក្រោយនេះ។
ថ្លែងក្នុងឱកាសបិទយុទ្ធនាការនេះ លោក អ៉ី ឈាន បានអំពាវនាវដល់សមាជិក សមាជិកាបក្ស និងអ្នកគាំទ្រទាំងអស់ សូមអញ្ជើញនាំបងប្អូនសាច់ញាតិដែលមានសិទ្ធិបោះឆ្នោត ទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី២០។ លោកបន្តថា គណបក្សប្រជាជនកម្ពុជាឈ្នះ គឺប្រជាជនកម្ពុជាឈ្នះទាំងអស់គ្នា និងថែរក្សាការពារបានសុខសន្តិភាព និងសង្គមជាតិទាំងមូលកាន់តែរីកចម្រើនឡើង ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែធូរធារ។
សូមបញ្ជាក់ថា ការបិទយុទ្ធនាការឃោសនាទ្រង់ទ្រាយធំគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានប្រើរថយន្ត ៦១២គ្រឿង, ម៉ូតូចំនួន ១.៣៨៥គ្រឿង, និងត្រីចក្រយានយន្តចំនួន ៧២គ្រឿង ដោយយុទ្ធនាការនេះមានការអបអរសាទរពីប្រជាពលរដ្ឋ និងអ្នកគាំទ្រតាមដងផ្លូវ និងគេហដ្ឋានយ៉ាងច្រើនកុះករផងដែរ៕