(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានថ្លែងថា អ្នកចូលរួមហែក្បូនឃោសនាតាមដងផ្លូវ និងចែកខិតបណ្ណឃោសនារបស់បណ្ដាគណបក្សនយោបាយ សរុបប្រមាណជិត៤លាននាក់ ដែលបានធ្វើសកម្មភាពរយៈពេល២១ថ្ងៃ នៃថ្ងៃឃោសនាបោះឆ្នោត ដែលបិទបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដានេះ។
បើតាមលោក ហង្ស ពុទ្ធា ការឃោសនាបោះឆ្នោតរយៈពេល២១ថ្ងៃនេះ គ្រប់គណបក្សនយោបាយទាំងអស់ បានប្រើប្រាស់រថយន្ដជាង៦ម៉ឺនគ្រឿង និងម៉ូតូ៣០ម៉ឺនគ្រឿង ព្រមទាំងមធ្យោបាយ ផ្សេងៗទៀត។
អ្នកនាំពាក្យរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «អ្នកដែលបានចេញទៅហែក្បួនបើគិតពីចំនួន គឺប្រមាណជិត២លាននាក់ ហើយការប្រជុំអ្នកដែលដើរចែកខិតបណ្ណនេះ គឺមានចំនួនជាង២លាននាក់។ ហើយរថយន្ដដែលបានប្រើប្រាស់នៅលើដងផ្លូវ ក្នុង២១ថ្ងៃនេះ មានប្រមាណជាង៦ម៉ឺនគ្រឿង និងម៉ូតូមានជាង៣សែនគ្រឿង»។
លោក ហង្ស ពុទ្ធា បានគូសបញ្ជាក់ថា ក្នុងថ្ងៃឃោសនារយៈពេល២១ថ្ងៃកន្លងមកនេះ គ.ជ.ប សង្កេតឃើញថា មានសកម្មភាពច្រើនក្នុងថ្ងៃឃោសនា ដោយគណបក្សនយោបាយមួយចំនួន បានហែក្បូនទ្រង់ទ្រាយធំ ហើយខ្លះហែក្បូនមានលក្ខណៈតូចតាមលទ្ធភាពរបស់ពួកគេ។
សូមជម្រាបថា យុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលកំណត់ដោយ គ.ជ.ប មានរយៈពេល២១ថ្ងៃ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី០៧ ខែកក្កដា ត្រូវបានបិទបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយប្រព្រឹត្ដដោយរលូនគ្មានអំពើហិង្សាអ្វីទាំងអស់។ ដោយឡែកនៅថ្ងៃទី២៨ ខែកក្កដាស្អែកនេះ គឺជាថ្ងៃស ដោយមិនអនុញ្ញាតឲ្យគណបក្សនយោបាយធ្វើសកម្មភាពអ្វីទាំងអស់។
សូមរំលឹកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដោយមានតែមួយថ្ងៃប៉ុណ្ណោះ ពោលចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល ដោយមានគណបក្សនយោបាយចំនួន២០ចូលរួមប្រកួតប្រជែង៕