(ភ្នំពេញ)៖ ក្នុងពេលដង្ហែក្បូនបិទយុទ្ធនាការឃោសនាបោះឆ្នោតជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ សមាជិក-សមាជិកាយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ ៥,០០០នាក់ ក៏បានចូលរួមក្នុងយុទ្ធនាការនេះផងដែរ។
ការស្ម័គ្រចិត្តចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដ៏អង់អាច នាព្រឹកមិញនេះ ធ្វើឡើងក្រោមការកៀរគរ និងសម្របសម្រួលដោយលោក ឡី សុភាព ប្រធានគណៈកម្មាធិការសាខាគណបក្សយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ នៃគណបក្សប្រជាជនកម្ពុជា។
សមាជិក-សមាជិកាយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញទាំងនោះ សុទ្ធសឹងតែជាវិនិយោគិន សហគ្រិន ពាណិជ្ជករ អាជីវករ សិប្បករ ឧស្សាហករនៅទូទាំងរាជធានីភ្នំពេញ។ ពួកគេបានបន្លឺនូវសំឡេងគាំទ្រយ៉ាងក្លៀវក្លាចំពោះគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ដែលជាបេក្ខជននាយករដ្ឋមន្ត្រីដ៏ឈ្លាសវៃសម្រាប់ពួកគេ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសផងដែរ។
ជាមួយគ្នានោះ យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ បានប្ដេជ្ញាថានឹងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សំដៅគាំទ្រសម្ដេចតេជោ ហ៊ុន សែន បន្តជាប់ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៦ និងអាណត្តិក្រោយៗទៀត ដើម្បីដឹកនាំកម្ពុជាបន្តឆ្ពោះទៅរកការអភិវឌ្ឍរុងរឿងរីកចម្រើនឡើង។
ស្មារតីគាំទ្រដ៏មុតមាំនេះ សបញ្ជាក់ថា សមាជិក-សមាជិកាយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ឡី សុភាព ពិតជាក្រុមដែលស្រលាញ់សន្តិភាព ចូលរួមការពារសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ជាមួយការគាំទ្រឱ្យវត្តមានគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំនាវាកម្ពុជាតទៅមុខទៀត៕