(តាកែវ)៖ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានធ្វើពិធីដង្ហែក្បួនបញ្ចប់យុទ្ធនាការឃោសនា រកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ទ្រង់ទ្រាយធំដោយមានចូមរួមជាង១៣,០០០នាក់។
យុទ្ធនាការឃោសនា មានការចូលរួមពីលោក យឹម ណុលឡា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុម ការងារថ្នាក់កណ្តាល ចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកព្រៃកប្បាស, លោក ពេជ សោភ័ន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកព្រៃកប្បាស និងលោក កែវ រ៉េមី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស។
ក្រោយពីស្តាប់ប្រសាសន៍ដ៏មានសារសំខាន់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាទីកក់ក្តៅ អង្គពិធីទាំងមូល មានចិត្តរីករាយជាអនេក និងសូមគាំទ្របោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជាអ្នកដឹកនាំប្រទេស ក្នុងអាណត្តិទី៦នេះទៀត។
បន្ទាប់មកការចាប់ផ្តើមហែរក្បួនបានបំបែកជាពីរ ដោយមួយក្រោមការដឹកនាំរបស់ លោក យឹម ណុលឡា សម្រាប់៦ឃុំ និងមួយទៀតដឹកនាំដោយ លោក ពេជ សោភ័ន សម្រាប់៧ឃុំ។
ជាមួយសមាជិក សមាជិកាឃុំទាំង០៦ លោក យឹម ណុលឡា និងលោក កែវ រ៉េមី បានលើកសរសើរពីការខិតខំធ្វើការងារបក្សកន្លងមក ហើយត្រូវត្រៀមលក្ខណៈ ដើម្បីទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ក្នុងនោះមានការគៀងគរញាតិសន្តាន និងសំណុំលិខិតដែលត្រូវយកទៅជាមួយ។ លោក យឹម ណុលឡា បានលើកឡើង នូវចំណុចសំខាន់ៗដូចជា៖ ការរំដោះសង្គ្រោះជីវិត រំដោះប្រទេសចេញពីរបបយង់ឃ្នងប៉ុលពត, ការទប់ស្កាត់មិនឲ្យរបបនេះ វិលត្រឡប់មកវិញជាដាច់ខាត, ការរំដោះ និងការទប់ស្កាត់នេះ សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើជាដើមទុន ហើយមិនមានគណបក្ស ណាអាចធ្វើបានទេ, ផ្តើមចេញពីការលះបង់ជីវិតដើម្បីសន្តិភាព ទើបមានការអភិវឌ្ឍជាបន្តបន្ទាប់ សន្តិភាព និង ការអភិវឌ្ឍជាខ្សែពីរ ចំណងមួយ, ព្រះពុទ្ធសាសនា តាំងពីថ្ងៃរំដោះ ៧មករា វត្តអារាម ត្រូវបានរីកចម្រើនខ្លាំងរហូតមកដល់ ពេលនេះ មានវត្តជាង៤ពាន់វត្ត និងព្រះសង្ឃប្រមាណជិត៦ម៉ឺនអង្គ។
ដូច្នេះយើងទាំងអស់គ្នា ត្រូវទៅបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ និងបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ឲ្យធ្វើជាអ្នកដឹកនាំកំពូល ក្នុងអាណត្តិទី៦នេះតទៅទៀត។ គួរកត់សម្គាល់ថា នៅក្នុងការហែរក្បួនក្នុងស្រុកព្រៃកប្បាសទាំងមូល មិនមានបញ្ហាអ្វីកើតឡើង គឺក្បួនដង្ហែរ មានសណ្តាប់ធ្នាប់ វិន័យ ថ្លៃថ្នូរ ជាទីមោទនៈ៕