(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វសស) នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយ សភាសង្គមស៊ីវិលរបស់សហព័ន្ធរុស្ស៊ី នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ពិធីនេះប្រព្រឹត្តឡើងក្រោមវត្តមាន លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងថ្នាក់ដឹកនាំសភាសង្គមស៊ីវិល របស់សហព័ន្ធរុស្ស៊ីផងដែរ។
វ.ស.ស មានគោលបំណងបង្កើតជាបណ្តាញ នៃអង្គការសង្គមស៊ីវិល ក្នុងកម្រិតជាតិ និងអន្តរជាតិ ដើម្បីសហការអនុវត្តគម្រោងអភិវឌ្ឍដែលពាក់ព័ន្ធ នឹងវិស័យសំខាន់ៗដូចជា៖ វិស័យសុខាភិបាល អប់រំ ដឹកជញ្ជូន និងទឹកស្អាតជាដើម សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព៕