(បាត់ដំបង)៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារបក្សស្រុកបាណន់ ខេត្តបាត់ដំបង និងក្រុមការងារទាំង០៨ឃុំ នៃស្រុកបាណន់ បានជួបជុំសមាជិកសមាជិកាសរុបចំនួន១៥,០០០នាក់ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាស្រុក ដើម្បីស្តាប់សន្ទរកថាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីបានស្តាប់សន្ទរកថាសម្តេចប្រធានបក្សរួចមក សមាជិកសមាជិកាបានចេញក្បួនយុទ្ធនាការឃោសនារកសម្លេងឆ្នោត ទៅឃុំនីមួយរៀងៗខ្លួន, សមាជិកសមាជិកាទាំងមូល បានការប្តេជ្ញាចិត្តទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ទាំងអស់គ្នា និងបានប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ក្នុងការដឹកនាំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបន្តទៀត។
មុននឹងចាប់ផ្តើមដង្ហែក្បួនលោកសន្តិបណ្ឌិត សុខ ផល បានផ្តាំផ្ញើដល់សមាជិកសមាជិកាបក្សដែលបានចូលរួមហែក្បួនសូមរក្សាសណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ មានភាពចាស់ទុំនយោបាយ គោរពច្បាប់ចរាចរណ៍ មិនប្រើប្រាស់អំពើហិង្សា មានការអធ្យាស្រ័យខ្ពស់ និងមានភាពអត់ធ្មតខ្ពស់់។
ប្រធានក្រុមការងារបក្សស្រុកបាណន់ ខេត្តបាត់ដំបង បានបន្ថែមទៀតថា «យើងទាំងអស់គ្នាជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ត្រូវការពារសុខសន្តិភាព ឲ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ ពីព្រោះសុខសន្តិភាព និងការអភិវឌ្ឍដែលកើតឡើងនៅលើទឹកដីកម្ពុជាយើងនេះ គឺបានមកពីពលិកម្មដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជននៅគ្រប់ដំណាក់កាល»។
ជាមួយគ្នានោះលោកសន្តិបណ្ឌិត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នឹងបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនផ្លូវគោក វិស័យដឹកជញ្ជូនតាមផ្លូវទឹក និងវិស័យដឹកជញ្ជូនតាមផ្លូវដែកឲ្យមានការរីកចម្រើនថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឲ្យមានភាពរុងរឿង។
លោកក៏បានជំរុញឲ្យមហាគ្រួសារបក្សខិតខំប្រឹងប្រែងផ្សព្វផ្សាយគោលនយោបាយ ក៏ដូចជាសមិទ្ធផលសម្រេចបានរបស់គណបក្សប្រជាជនកម្ពុជាជូនប្រជាពលរដ្ឋឲ្យបានជ្រាបច្បាស់ និងផ្ដាំផ្ញើឲ្យពួកគាត់អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ មានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាអាចបន្តការដឹកនាំប្រទេសឲ្យកាន់តែមានការរីកច្រើនថែមទៀត៕