(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុន វិនិយោគរួមគ្នារវាង កាណាឌីយ៉ា អីនវេសមេន ហូលឌីង (Canadia Investment Holding) និងក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វ៍ (Muang Thai Life Assurance PCL) ពីប្រទេសថៃ។ សេវាកម្មអតិថិជន គឺជាកត្តាចម្បង ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ យកចិត្តទុកដាក់បំផុត។

ជាក់ស្ដែង នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគារ Raffle Le Royal ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ និង ក្រុមហ៊ុនទ្រូម៉ាន់នី បានចុះកិច្ចសហការប្រតិបត្តិការ លើការបង់បុព្វលាភរ៉ាប់រង មកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ តាមរយៈភ្នាក់ងារទ្រូម៉ាន់នី។

កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងការបង់បុព្វលាភរ៉ាប់រង តាមរយៈភ្នាក់ងារ ទ្រូម៉ាន់នីជាង ៦,០០០កន្លែង នៅទូទាំងប្រទេសកម្ពុជា ដោយមិនគិតថ្លៃសេវា។

ថ្លែងក្នុងពិធីនេះ លោក Tan Jiak Haing អគ្គនាយករបស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានថ្លែងថា សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងស្រុក នៅទីនេះ ដើម្បីបំពេញនូវ តម្រូវការជាក់ស្តែង របស់ប្រជាជនកម្ពុជា។ បេសសកកម្មរបស់យើង គឺផ្តល់នូវផលិតផល ដែលមានអត្ថប្រយោជន៍សំបូរបែប រួមទាំងសេវាកម្មដ៏ល្អជូនប្រជាជនកម្ពុជា។

លោក Tan Jiak Haing បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ នឹងផ្តល់ភាពងាយស្រួល សុវត្ថិភាព និង សេវាបង់ប្រាក់ដ៏ល្អ ជូនអតិថិជនរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ តាមរយៈភ្នាក់ងារទ្រូម៉ាន់នី ជាង៦,០០០កន្លែង នៅទូទាំងប្រទេសកម្ពុជា ដោយឥតគិតថ្លៃសេវា។

ក្នុងកិច្ចសហប្រតិបត្តិការនេះ លោក គង់ មាន អគ្គនាយករបស់ក្រុមហ៊ុនទ្រូម៉ាន់នី បានលើកឡើងផងដែរថា «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានក្លាយជាដៃគូសហការជាមួយក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មធានារ៉ាប់រង អាយុជីវិតដល់ប្រជាពលរដ្ឋកម្ពុជា។

អគ្គនាយករបស់ក្រុមហ៊ុនទ្រូម៉ាន់នី បានបន្ដទៀតថា ការសហការនេះ នឹងធ្វើឲ្យអតិថិជន កាន់តែមានភាពងាយស្រួល ចំណេញពេលវេលា ទទួលបានបទពិសោធន៍ថ្មី ក្នុងការបង់បុព្វលាភរ៉ាប់រង។

គួសបញ្ជាក់ថា សុវណ្ណាភូមិ ឡាយហ្វ៍ នឹងនៅតែខិតខំបន្តរិះរក និងពង្រឹងបន្ថែមនៅសេវាកម្មល្អៗ បន្ថែមទៀត ដើម្បីតបស្នងទៅនឹងទំនុកចិត្ត របស់អតិថិជនទាំងអស់ ដែលបានជ្រើសរើសប្រើប្រាស់សេវាកម្មរបស់ សុវណ្ណាភូមិ ឡាយហ្វ៍។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នៅទីនេះដើម្បីអ្នក នៅទីនេះដើម្បីកម្ពុជា៕