(ពោធិ៍សាត់)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានប្រារព្ធពិធីអបអរសាទរខួបលើកទី៦៧ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៨) និងបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅទីតាំងបូរីភួពុយ ស្ថិតនៅក្នុងភូមិពោរតាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់។
តាមសេចក្តីរាយការណ៍របស់លោក សំរឹទ្ធ អេង ប្រធានគណៈកម្មាធិការគណបក្សក្រុងពោធិ៍សាត់ បានឲ្យដឹងថា ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ គឺជាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត ជាលក្ខណៈទ្រង់ទ្រាយធំ របស់គណបក្សនយោបាយ ក្នុងនោះគណៈកម្មាធិការគណបក្សប្រជាជនក្រុងពោធិ៍សាត់ បានប្រមូលផ្តុំមន្ត្រីបក្សគ្រប់ផ្នែក គ្រប់ថ្នាក់ នៅទីតាំងបូរីភួពុយ ស្ថិតក្នុងភូមិពោរតាគួយ សង្កាត់លលកស ដើម្បីស្តាប់សាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី៦៧ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។
លោកប្រធានគណបក្សក្រុង បានដឹងថា ក្នុងពិធីដង្ហែរបិទនៃយុទ្ធនាការឃោសនានេះ ពិនិត្យឃើញថាមន្ត្រីគណបក្សប្រជាជនកម្ពុជា បានមកចូលរួម មានចំនួន២៤៥០០នាក់ ចាប់ត្រឹមពីមេក្រុមបក្ស ថ្នាក់មូលដ្ឋាន រហូតដល់ភូមិ សង្កាត់ ក្រុង មន្ទីរ អង្គភាព បងប្អូនអាជីវករ អាហាដ្ឋាន ផ្ទះសំណាក់ ដោយមានរថយន្តតូចធំ ចំនួន៣៧៨គ្រឿង និងម៉ូតូ៥,២០០គ្រឿង បានដង្ហែក្បួនតាម ដងផ្លូវជាតិលេខ៥ និងតាមទីប្រជុំជនក្រុង រួចបានបំបែកទៅតាមសង្កាត់ទាំង៧ រៀងៗខ្លួន ។
ថ្លែងក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានថ្លែងអំណរគុណចំពោះមន្ត្រីបក្សគ្រប់ផ្នែក គ្រប់ថ្នាក់ ដែលបានចំណាយទាំងកម្លាំង សម្ភារ ចូលរួមដង្ហែបិទ នៃយុទ្ធការឃោសនា ស្វែងរកសម្លេងគាំទ្រយ៉ាងច្រើនកុះករ បញ្ជាក់ឲ្យឃើញពីសណ្តានចិត្តស្មោះស្ម័គ្រ ជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្ស ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោកប្រធានគណបក្សខេត្ត បានប្រកាសថា គណបក្សប្រជាជនកម្ពុជា មានលេខរៀងទី២០ ដែលជាលេខរៀងចុងក្រោយ ងាយស្រួលចាំក្នុងការគួស ហេតុនេះសូមឲ្យបងប្អូនប្រជាជន និងសមាជិក សមាជិកាគណបក្សគ្រប់ផ្នែក គ្រប់ថ្នាក់ បោះឲ្យចំលេខ២០ នាំមកនូវការអភិវឌ្ឍថ្មីជាច្រើនទៀត ជូនជាតិមាតុភូមិ។
លោក ម៉ៅ ធនិន បានបន្ថែមថា ៦៧ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានពុះពារឆ្លងកាត់ដំណាក់កាលធំៗជាច្រើន និងឈរលើមូលដ្ឋានឥតប្រែប្រួល នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈប្រឹងប្រែងជម្នះ គ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
ភារកិច្ចធំៗរបស់យើងនៅដំណាក់កាលនេះ គឺការពារការរស់ឡើងវិញរបស់ប្រជាជន ទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកវិញ ខិតខំស្តារ និងកសាងសេដ្ឋកិច្ច សង្គមកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដូចនេះយើងត្រូវពួតដៃគ្នា សាមគ្គីគ្នាបន្តប្រឹងប្រែងថែមទៀត ប្រាកដជាទទួលបាននូវលទ្ធផលកាន់ល្អប្រសើរ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ជាក់ជាមិនខានឡើយ៕