(ភ្នំពេញ)៖ ហត្ថាកសិករ លីមីតធីត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងមានបទពិសោធន៍ជាង២០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា មានទស្សនវិស័យជួយ ឲ្យអតិថិជនរបស់ខ្លួន ទទួលបានជោគជ័យលើអាជីវកម្ម។ ដើម្បីរួម ចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងដើម្បីបំពេញតំរូវការហិរញ្ញវត្ថុរបស់អតិថិជន ព្រមទាំងបង្កើតឲ្យមានសេវាហិរញ្ញវត្ថុថ្មីៗបន្ថែមទៀត ដូចនេះហើយទើបហត្ថាកសិករ បានបង្កើនដើមទុនថ្មីចំនួន ៤៥លានដុល្លារអាមេរិក បន្ថែមទៀត ដែលធ្វើឲ្យដើមទុន បានកើនឡើងរហូតដល់១៥០លានដុល្លារអាមេរិក។
ការបង្កើនដើមទុន នៅពេលនេះ បានបង្ហាញនូវការវិនិយោគថ្មីបន្ថែមទៀត របស់ធនាគារក្រុងស្រ៊ី ដែលជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុ អន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធធនាគារធំ ជាងគេបំផុតនៅប្រទសជប៉ុន និងជាសម្ព័ន្ធ សេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។
ការវិនិយោគថ្មីនេះ បានបង្ហាញយ៉ាងច្បាស់អំពីទំនុកចិត្ត របស់ធនាគារក្រុងស្រ៊ី មកលើថ្នាក់ដឹកនាំ និងថ្នាក់គ្រប់គ្រងរបស់ហត្ថាកសិករ ដែលបានធ្វើអោយហត្ថាកសិករ មានការរីកចំរើនថែមមួយកម្រិតទៀត និងបំរើសេវា កម្មជូនអតិថិជនកាន់តែទូលំទូលាយ បន្ទាប់ពីបានក្លាយជាម្ចាស់ភាគទុននិកថ្មី របស់ហត្ថាកសិករក្នុងឆ្នាំ ២០១៦។ ធនាគារក្រុងស្រ៊ី សង្ឃឹមយ៉ាងមុតមាំថា ការបង្កើនដើមទុននៅពេលនេះ នឹងអាចចូលរួមចំនែក ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា។
លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ហត្ថាកសិករ លីមីតធីត បានលើកឡើងថា ការបន្ថែមដើមទុនថ្មីនេះ អាចឲ្យហត្ថាកសិករ បន្តការរីកចម្រើន និងរក្សាបាននូវភាពខ្លាំងរបស់ខ្លួន នៅក្នុងទីផ្សារប្រទេសកម្ពុជា ព្រមទាំងធ្វើឲ្យសម្រេចបាន ទៅតាមបេសកកម្ម និងទស្សនវិស័យរបស់ខ្លួនផងដែរ។
កាន់តែសំខាន់ជាងនេះទៅទៀត វាមិនត្រឹមតែបានបង្ហាញពីការធានា អំពីសេ្ថរភាពអាជីវកម្មរបស់ ហត្ថាកសិករប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញអំពីជំនឿជឿជាក់របស់អតិថិជន វិនិយោគទុន និងសាធារណជនមកលើ ហត្ថាកសិករផងដែរ។ ការសម្រេចបាននៅក្នុងពេលនេះ ប្រាកដជាមិនអាចកើតមានទេ ប្រសិនបើមិនមានការគាំទ្រ ពីសំណាក់ស្ថាប័នដែលពាក់ព័ន្ធ។
ឆ្លៀតក្នុងឱកាសនេះ លោកឧកញ៉ា ហួត អៀងតុង សូមសម្ដែងនូវការដឹងគុណ និងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែគំាទ្រ និងជំរុញលើកទឹកចិត្ត ដើម្បីធ្វើឲ្យហត្ថាកសិករ បានរីកលូតលាស់ និងជោគជ័យមួយកម្រិតទៀត។
លោក Dan Harsono អនុប្រធានអគ្គនាយកប្រតិបត្តិ ជាន់ខ្ពស់នៃធនាគារក្រុងស្រ៊ី និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ហត្ថាកសិករ បានលើកឡើងថា «ការបន្ថែមដើមទុនថ្មីចំនួន ៤៥លានដុល្លារនេះ គឺបានបង្ហាញពីជំនឿ ចិត្តយ៉ាងមុតមាំរបស់ធនាគារក្រុងស្រ៊ី ទៅលើការរីកចម្រើន និងស្ថេរភាពនៃវិស័យហិរញ្ញវត្ថុ ព្រមទាំងសេដ្ឋកិច្ចនៃកម្ពុជា ហើយយើងនឹងនៅតែបន្តសហការ និងគាំទ្រដល់ហត្ថាកសិករជានិច្ច»៕