(ភ្នំពេញ)៖ និស្សិតប្រមាណជាង៨០នាក់ មកពីប្រទេសចំនួន៥ រួមមានឥណ្ឌា បារាំង វៀតណាម ឡាវ និងកម្ពុជា បានជួបជុំគ្នានៅក្នុងព្រឹត្តិការណ៍សាកលវិទ្យាល័យ នារដូវវិស្សមកាលនៅកម្ពុជា ដែលរៀបចំឡើងដោយ សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល និងសាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈនាសប្តាហ៍កន្លងទៅ។ ការជួបជុំនេះ បានប្រព្រឹត្តិទៅក្នុងរយៈពេល៥ថ្ងៃ គឺពីថ្ងៃ១៦ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការឧបត្ថម្ភ គាំទ្ររបស់ទីភ្នាក់ងារឧត្តមសិក្សា ប្រើប្រាស់ភាសាបារាំង ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។
គោលបំណង នៃសាកលវិទ្យាល័យនារដូវវិស្សមកាលនេះ គឺផ្តោតជាចំបង លើគំរោងអន្តរសាកលវិទ្យាល័យ ដែលអាចឲ្យនិស្សិត ដែលចេះភាសាបារាំងទាំងឡាយ មកពីគ្រឹះស្ថានឧត្តមសិក្សានានា អាចប្រើប្រាស់បានកាន់ តែប្រសើរនូវចំណេះដឹង ផ្នែកភាសាបារាំង និងចូលរួមក្នុងកិច្ចសន្ទនា និងស្វែងយល់អំពីវប្បធម៌ទាំងឡាយ ដែលមាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈ ការបង្កើតនូវកម្មវិធី និងសកម្មភាពទាំងឡាយជុំវិញ ប្រធានបទមួយ ដែលបានកំណត់ជ្រើសរើស ដោយសាកលវិទ្យាល័យជាអ្នកដឹកនាំគំរោង » តាមប្រសាសន៍របស់លោក អ៊ឹម ក្រាវង្ស ប្រធាន ទីភ្នាក់ងារឧត្តមសិក្សា ប្រើប្រាស់ភាសាបារាំងនៅកម្ពុជា នាកម្មវិធីបើកព្រឹត្តិការណ៍នេះ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨។
នេះជាលើកទីពីរហើយ បើគិតចាប់ពីឆ្នាំ២០១៦មក ដែលសាកលវិទ្យាល័យទាំងពីរនៅកម្ពុជា បានរៀបចំកម្មវិធីនេះឡើង។ ឆ្នាំនេះ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរៀបចំសាកលវិទ្យាល័យ នារដូវវិស្សមកាលនេះ ផ្តោតលើប្រធានបទ ៖ « សុខភាពនៅសាលារៀន៖ ការអប់រំ សុខភាពសំរាប់អនាគតរបស់យើងទាំងអស់គ្នា »។ រីឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផ្តោត លើប្រធានបទ៖ «មុខរបរប្រចាំគ្រួសាររបស់ប្រជាពលរដ្ឋ៖ សិប្បកម្មនៅប្រទេសកម្ពុជា»។
ព្រឹត្តិការរបស់សាកលវិទ្យាល័យទាំងពីរនេះ រៀបចំឡើងនៅតាមទីតាំងផ្សេងៗគ្នា។ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានដឹកនាំនិស្សិតធ្វើទស្សនកិច្ចសិក្សា នៅតាមមន្ទីរពិសោធន៍របស់ សាកលវិទ្យាល័យ និងធ្វើសកម្មភាពជាច្រើន នៅក្នុងខេត្តបាត់ដំបង។
នៅទីនោះ ក្រុមនិស្សិតបាន ទទួលការស្វាគមន៍ និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ នៃមន្ទីរសុខាភិបាលខេត្ត បន្ទាប់មកបានទទួលការអនុញ្ញាតចុះទស្សនកិច្ច នៅតាមមណ្ឌលសុខភាព និងមន្ទីរព្យាបាលឯកជនមួយចំនួន នៅក្នុងខេត្ត និងតំបន់ឆ្ងាយពីទីរួមខេត្តផងដែរ។ បន្តមកក៏បានជួបសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅតាមសាលាបឋមសិក្សាមួយចំនួន ដោយបានចូលរួមអប់រំពីសុខភាព ដើម្បីបង្កើននូវ ការយល់ដឹង និងការអនុវត្តរបស់ប្អូនសិស្សានុសិស្ស ក្នុងការបង្ការនូវជំងឺឆ្លង ការប្រើប្រាស់ថ្នាំ ការថែទាំសុខភាពមាត់ធ្មេញ និងអនាម័យជាប្រចាំ។
សកម្មភាពទាំងនេះ ធ្វើឡើងក្រោមរូបភាពសំណេះសំណាល សំណួរចម្លើយ និងចែកសម្ភារមួយចំនួន ដល់ប្អូនៗសិស្សានុសិស្ស។ ចំណែកឯក្រុមនិស្សិត៦០នាក់ទៀត ដឹកនាំដោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានទស្សនាសារៈមន្ទីរជាតិ រោងជាងជួសជុលរូបបដិមា រូបចម្លាក់នៃសារមន្ទីរជាតិ និងបានទៅធ្វើទស្សនកិច្ចសិក្សា នៅតាមបណ្តាសិប្បកម្មជាច្រើន ដូចជាសិប្បកម្មតម្បាញនៅកោះដាច់ សិប្បកម្មស្មិតនៅខេត្តកណ្តាល សិប្បកម្មផលិតវត្ថុអនុស្សាវរីយ៍នៅឧត្តុង្គ ខេត្តកំពង់ស្ពី និងការធ្វើក្អមឆ្នាំង នៅខេត្តកំពង់ឆ្នាំង និងសិប្បកម្មចម្លាក់ថ្ម នៅខេត្តពោធិ៍សាត់។
សន្និសីទ និងសិក្ខាសាលា បានរៀបចំធ្វើឡើងទៅតាមប្រធានបទខុសៗគ្នា ត្រូវបានរៀបចំធ្វើឡើងក្នុងព្រឹត្តិការណ៍សាកលវិទ្យាល័យនារដូវវិស្សមកាលនេះ។ កិច្ចពិភាក្សាការងារតាមក្រុម បានធ្វើឲ្យមានការផ្លាស់ប្តូរគ្នា ទាំងផ្នែក អប់រំ និងចំណេះដឹងទូទៅ ពាក់ព័ន្ធនឹងវិស័យសុខាភិបាល វប្បធម៌ រវាងនិស្សិតទាំងឡាយ ដែលមកពីបណ្តាប្រទេសផ្សេងៗគ្នា។
ក្រៅពីការធ្វើទស្សនកិច្ចសិក្សា ក្រុមនិស្សិតទាំងពីរ ក្រុមក៏បានទស្សនាតំបន់រមនីយដ្ឋានវប្បធម៌ និងទេសចរណ៍ជាច្រើន នៅតាមខេត្ត និងនៅក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីវប្បធម៌ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ផងដែរ។ សាកលវិទ្យាល័យនារដូវវិស្សមកាល បានបញ្ចប់ដោយជោគជ័យ ក្នុងបរិយាកាស្និតស្នាលនិងភាត រភាព បង្កើតឡើងនូវទំនាក់ទំនង និងអនុស្សាវរីយ៍ជាច្រើន រវាងនិស្សិតខ្មែរ និងនិស្សិតបរទេស ដែលនិយាយ ភាសាបារាំង មកពីប្រទេស ឥណ្ឌា ឡាវ បារាំង វៀតណាម -ល-៕