(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ដ្រ, លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណបក្សរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំក្បូនយុវជនគណបក្សប្រជាជនកម្ពុជារាប់ពាន់នាក់ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោត នៅរាជធានីភ្នំពេញ នៅថ្ងៃចុងក្រោយ។
ថ្នាក់ដឹកនាំដែលដឹកនាំយុទ្ធនាការឃោសនានេះ បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានងើបឡើងតស៊ូលះបង់ជីវិត ដើម្បីរំដោះប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានស្តារ និងកសាងប្រទេសជាតិចាប់ពីបាតដៃទទេររហូតមានអ្វីៗ មកដល់សព្វថ្ងៃនេះ។
បន្ថែមពីនេះ គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានធ្វើឲ្យសេដ្ឋកិច្ចជាតិមានកំណើនល្អ ក្នុង២ទសវត្សរ៍ចុងក្រោយនេះ ពិសេសបានធ្វើឲ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ-កម្មការីនី និងប្រជាពលរដ្ឋ កាន់តែមានជីវភាពធូរធាប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាចូលរួមថែរក្សា និងការពារនូវរាល់ស្នាដៃ និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានខិតខំកសាងឡើង ទោះក្នុងតម្លៃណាក៏ដោយត្រូវរួមគ្នាការពារសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជាឲ្យបាន ពិសេសបន្តគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៦ និងអាណត្តិក្រោយៗទៀត។
ទាំងអស់គ្នាបានស្រែកបន្លឺថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី កម្ពុជានឹងបន្តឈានទៅមុខយ៉ាងស្វាហាប់ឥតរាថយ ដើម្បីសន្តិភាពដ៏រឹងមាំ ដើម្បីអភិវឌ្ឍន៍ដ៏រុងរឿង និងដើម្បីលទ្ធិប្រជាធិបតេយ្យ។ សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព! យើងនឹងទៅបោះឆ្នោតទាំងអស់គ្នា បោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតា និងមានលេខរៀងទី២០៕