(ព្រៃវែង)៖ ប្រជាជនឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានប្តេជ្ញាអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨គ្រប់ៗគ្នា។ ប្រជាជនឃុំព្រៃដើមថ្នឹង បានមើលឃើញថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានភាពច្បាស់លាស់ ដោយធានាបានសុខសនិ្តភាព និងការអភិវឌ្ឍយូរអង្វែងទូទាំងប្រទេស។
ការប្រកាសប្តេជ្ញារបស់ប្រជាជនឃុំព្រៃដើមថ្នឹងបែបនេះ ប្រព្រឹត្តឡើងក្នុងឱកាសចូលរួមពិធីដង្ហែក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំសម្របសម្រួលពីលោក ជាម ប៉េអា បេក្ខជនតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានទី១ ចុះជួយស្រុកស៊ីធរកណ្តាល និងជាប្រធានក្រុមការងារចុះជួយឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។
មុនពេលចេញដង្ហែក្បូនបិទយុទ្ធនាការឃោសនា នៅព្រឹកមិញនេះ លោក ជាម ប៉េអា បានដឹកនាំប្រជាជនទាំងអស់ ចូលរួមស្តាប់សេចក្តីថ្លែងការណ៍របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ដែលបានផ្ញើសារនយោបាយ និងថ្លែងអំណរគុណជនរួមជាតិ ដែលគាំទ្រគោលនយោបាយរបស់គណបក្ស ពីមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ក្រោយពីបានស្តាប់សារសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ដែលផ្សាយបន្តផ្ទាល់ពីរាជធានីភ្នំពេញ លោកស្រី អោក សុខា បានប្តេជ្ញាទៅបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ បន្តដឹកនាំប្រទេសកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត។ លោកស្រី សម្បុរស្រអែម វ័យ៥០ឆ្នាំ និយាយយ៉ាងម៉ឺងម៉ាត់ថា «គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែរួមសុខ រួមទុក្ខជាមួយប្រជាជនជានិច្ចប៉ុណ្ណោះ គណបក្សប្រជាជន គឺរកសុខសន្តិភាព ការពារឯករាជ្យ សន្តិភាព និងសន្តិសុខជាតិជូនប្រជាជនទាំងមូល»។
មិនខុសគ្នាប៉ុន្មាន លោក ស៊ាប ភាព តំណាងប្រជាជនឃុំ បានប្តេជ្ញាចិត្តគាំទ្ររាល់គោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍជាតិ ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងរកបានដោយកម្រជូនជាតិ និងប្រជាជន។
លោកបាននិយាយថា ប្រជាជនជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលរួមទុក្ខរួមសុខជាមួយប្រជាជន គ្រប់កាលៈទេសៈ។ លោកបានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា ពិតជាបានលើកតម្លៃប្រជាជន និងប្រទេសជាតិខ្មែរទាំងមូល។ ប្រជាជនទាំងអស់គ្នា និងខ្ញុំជឿជាក់លើការដឹកនាំប្រទេស របស់គណបក្ស ហើយយើងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលរួមសុខរួមទុក្ខជាមួយប្រជាជនរហូត»។
ដូចគ្នាដែរ លោក សុក វឿន បានលើកឡើងថា សនិ្តភាពពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជន ព្រោះប្រទេសមានសន្តិភាពពេញលេញ ទើបប្រជាជន មានឱកាសរស់រាន ទទួលបានការអប់រំ និងរកទទួលទានបាន។ តំណាងប្រជាពលរដ្ឋវ័យ៦០ឆ្នាំ និយាយបញ្ជាក់ថា «មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព និងការអភិវឌ្ឍ។ ខ្ញុំមើលឃើញថា គណបក្សប្រជាជនមានបទពិសោធន៍ ច្បាស់លាស់គ្រប់គ្រាន់ ដើម្បីដឹកនាំប្រទេស ឲ្យកាន់តែមានការអភិវឌ្ឍ យូរអង្វែង។ ខ្ញុំជឿជាក់ថា គណបក្សប្រជាជននឹងឈ្នះអាសនៈលើសលប់ក្នុងរដ្ឋសភា នីតិកាលទី៦»។
តំណាងប្រជាជនឃុំព្រៃដើមថ្នឹង បានអំពាវនាវឲ្យសមាជិក សមាជិកា និងប្រជាជនទាំងអស់អញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឲ្យបានគ្រប់ៗគ្នា។
ក្រោយបានពីស្តាប់ការផ្សាយផ្ទាល់សេចក្តីថ្លែងការណ៍សម្តេចតេជោ ហ៊ុន សែន ពីរាជធានីភ្នំពេញនៅក្នុងទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្រុកស៊ីធរកណ្តាលរួច លោក ជាម ប៉េអា បានដឹកនាំការដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ដោយមានប្រជាជន សមាជិក សមាជិកា គណបក្សដោយប្រើប្រាស់ត្រីចក្រយានយន្ត និងយានយន្តផ្ទាល់ខ្លួន ចូលរួមយ៉ាងកុះករ ក្នុងឃុំព្រៃដើមថ្នឹង។
ក្នុងឱកាសដង្ហែក្បួនបិទយុទ្ធនាការបោះឆ្នោតនេះដែរ សមាជិក សមាជិកា យុវជន និងប្រជានឃុំព្រៃដើមថ្នឹង ក៏បានមានកិត្តិយសស្វាគមន៍ដំណើរ របស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។
លោក ជាម ប៉េអា បេក្ខជនតំណាងរាស្ត្រមណ្ឌលព្រៃវែង បានបញ្ជាក់ថា ការបោះឆ្នោតជូនគណបក្សកម្ពុជា គឺជាការបោះឆ្នោត ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍន៍, ការបោះឆ្នោតជូនគណបក្សកម្ពុជា គឺដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ និងជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា គឺប្រជាជនជាអ្នកឈ្នះ។
លោកបានថ្លែងបន្ដថា កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាទាំង១១ខ មានគោលបំណង និងចក្ខុវិស័យការលើកគុណភាពជីវិតរបស់ប្រជាជន ប្រកបទៅដោយសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។ លោក ជាម ប៉េអា បានអំពាវនាវសមាជិក សមាជិកា និងប្រជាជនទាំងអស់ អញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ឲ្យបានគ្រប់ៗគ្នា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង៕