(កណ្តាល)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល, អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍គណៈពង្រឹង ស្រុកមុខកំពូល បានដឹកនាំសមា ជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណជាង៧០០០នាក់ នៅក្នុងស្រុកមុខកំពូល, ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ ដែលជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦។
លោក វង្សី វិស្សុត ដោយមានការចូលរួមពីសមាជិក-សមាជិកាបក្ស មកពីតាមបណ្តាឃុំទាំង៧ ក្នុងស្រុកមុខកំពូល បានជួបជុំគ្នានៅទីស្នាក់ការបក្សស្រុកមុខកំពូល នៅម៉ោង៦ព្រឹក ដើម្បីរង់ចាំស្តាប់ការផ្ទាយបន្តផ្ទាល់ នូវសេចក្តីថ្លែងការណ៍នយោបាយ ដើម្បីបិទយុទ្ធនាការឃោសនាបោះឆ្នោតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា មុនពេលចាប់ផ្តើមដឹកនាំហែក្បួន បិទយុទ្ធនាការឃោសនាបោះឆ្នោត ចេញពីទីស្នាក់ការបក្សស្រុកមុខកំពូល ឆ្លងកាត់ឃុំទាំង៧ នៅក្នុងស្រុកមុខកំពូល។
លោក វង្សី វិស្សុត បានអំពាវនាវឱ្យសមាជិក-សមាជិកាបក្សទូទាំងស្រុកមុខកំពូល ទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ដើម្បីធានាឱ្យប្រទសកម្ពុជាបន្តមានឯករាជ្យភាព, អធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញ, ប្រជាធិបតេយ្យ និងនីតិរដ្ឋ, សុខសន្ដិភាព និងស្ថិរភាពសង្គម, ភាពរីកចម្រើនរុងរឿង និងការអភិវឌ្ឍលើគ្រប់វិស័យ៕