(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីបូកសរុបព្រឹត្តិការណ៍ទូទៅ នៃដំណើរការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃនេះ។
កិច្ចប្រជុំនេះក្រៅពីការបូកសរុបលើដំណើរការឃោសនាបោះឆ្នោតទៅ គ.ជ.ប រួមជាមួយភាគីពាក់ព័ន្ធក៏នឹងពិនិត្យ និងវាយតម្លៃចំពោះការបិទផ្សាយបញ្ជីបោះឆ្នោត និងបញ្ជីទីតាំងការិយាល័យបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតផងដែរ។
ភាគីពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំនៅរសៀលនេះ រួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធ, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ, តំណាងស្ថានទូតជប៉ុន, ជំនាញការ JICA និងជំនាញការកូរ៉េប្រចាំនៅ គ.ជ.ប និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិផងដែរ។
សូមបញ្ជាក់យុទ្ធនាការឃោសនារកសំឡេងឆ្នោតដែលមានរយៈពេល២០ថ្ងៃនោះ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះហើយ។ ជាការកត់សម្គាល់យុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល២០ថ្ងៃនេះ មានសកម្មភាពផុលផុស ប៉ុន្តែមានបញ្ហា ឬអំពើហិង្សាណាមួយកើតឡើងនោះទេ គឺមានតែពាក្យបណ្តឹងតិចតួច ហើយក៏ត្រូវបានដោះស្រាយរួចរាល់ផងដែរ៕