(ភ្នំពេញ)៖ នៅពេលមនុស្សភាគច្រើនលើសលុប ដែលរស់នៅជុំវិញរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នាំគ្នាប្រកាសការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍ ដែលកំពុងមានឲ្យខាងតែបាន ទោះបីជានៅក្នុងតម្លៃណាក៏ដោយ ក្រុមអ្នកនយោបាយរត់ចោលស្រុក រួមនឹងសកម្មជនប្រឆាំងរបស់ខ្លួន តែងតែគំរាមកំហែង លើសន្តិភាព និងប្រឆាំងនឹងការអភិវឌ្ឍរបស់ជាតិ និងប្រឆាំងនឹងផលប្រយោជន៍ប្រជាជនជានិច្ច។
ពួកគេប្រកាសថា «មិនយកខ្មែរណាមួយ ជាសត្រូវ» ប៉ុន្តែពាក្យវោហាសាស្ត្ររើសអើង ប្រកាន់ពូជសាសន៍ បង្កើតឲ្យមានការស្អប់ខ្ពើម បញ្ឆេះកំហឹងវណ្ណៈរវាងអ្នកក្រីក្រ និងអ្នកមាន បង្កើតឲ្យមានជម្លោះវណ្ណៈសង្គម និងការសងសឹកតាមទ្រឹស្តីទឹកឡើងត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី ត្រូវបានប្រើប្រាស់ពេញៗមាត់ ក្នុងចំណោម សកម្មជន និងក្រុមបក្សប្រឆាំងក្រៅច្បាប់។
ពួកគេព្យាយាមបំភ្លៃប្រវត្តិសាស្ត្រ បំភាន់ការយល់ដឹងរបស់ពលរដ្ឋ លុបបំបាត់ការចងចាំរបស់រាស្ត្រ តាមរយៈការពង្វក់ចិត្តរាស្ត្រលើការឃោសនា បោកប្រាស់ ភូតភរ បំផ្លើស ហើយពួកគេហ៊ានបំពានច្បាប់ រំលោភជាន់ឈ្លីលើសិទ្ធិអ្នកដទៃ និងបំផ្លាញគោលការណ៍គ្រឹះ នៃលទ្ធិប្រជាធិបតេយ្យដោយអំពាវនាវ ដល់ប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត។
ពួកគេមិនបានឲ្យតម្លៃលើសន្តិភាពឡើយ ហើយធ្វើអ្វីៗដើម្បីសម្រេច មហិច្ឆតាអំណាចរបស់ខ្លួន ទោះជាត្រូវបំផ្លាញសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជាមានសព្វថ្ងៃនេះក៏ដោយ។ ហេតុអ្វីបានជាសន្តិភាព និងការអភិវឌ្ឍជាកត្តាសំខាន់ចាំបាច់ សម្រាប់ជាតិ និងប្រជាជនកម្ពុជាម្ល៉េះ?
១៖ កត្តាសន្តិភាពត្រូវចាប់ផ្តើមមុនអ្វីៗ ទាំងអស់៖ កម្ពុជាបានហែលឆ្លងកាត់សង្គ្រាមជិតបីទសវត្សរ៍ ប្រជាជនកម្ពុជា រស់នៅក្នុងឈាម និងទឹកភ្នែក ហើយធនធានមនុស្ស ត្រូវបានសម្លាប់ស្ទើរគ្មានសល់។ រីឯខឿនសេដ្ឋកិច្ច សង្គម វប្បធម៌ត្រូវបានបំផ្លិចបំផ្លាញ ស្ទើរទាំងស្រុង។ នៅអំឡុងពេលសង្គ្រាម និងនៅក្នុងរបបខ្មែរក្រហម ប្រល័យពូជសាសន៍ រាស្ត្រខ្មែររងទុក្ខរកអ្វីប្រៀបពុំបាន សូម្បីសិទ្ធិរស់រានមានជីវិតដែល ជាសិទ្ធិមានពីកំណើតមិនមានផង នេះមិនហ៊ាននឹកដល់ សិទ្ធិសេរីភាពបញ្ចេញមតិ លទ្ធិប្រជាធិបតេយ្យ។
ទាំងអស់គ្នាគិតតែម្យ៉ាង គឺធ្វើឲ្យជីវិតរស់ជាមុនសិន ទើបគិតអ្វីៗផ្សេងទៀតជាក្រោយ។ នៅពេលដែលនិយាយពីសង្គ្រាម និងការរងទុក្ខវេទនា ដែលពួកគាត់ ហែលឆ្លងកាត់ ពលរដ្ឋទាំងអស់រាប់ទាំងអ្នកគាំទ្របក្សប្រឆាំងផង ពិតជាមិនចង់ឲ្យ «សង្គ្រាម មិនថាសង្គ្រាម ប្រើប្រាស់សព្វាវុធ ឬសង្គ្រាមវណ្ណៈ» វិលមកវិញឡើយ ដោយពួកគាត់បានថ្លែងថា ឆ្អែតឆ្អន់ណាស់ទៅហើយ មិនចង់ជួប និងមិនចង់ឃើញសង្គ្រាមឡើងវិញឡើយ ហើយក៏កាន់តែមិនចង់ឃើញការវិលត្រឡប់មកវិញនូវ របបខ្មែរក្រហមសម្លាប់មនុស្ស មកវិញទេ។
ចុះបើដឹងថា សង្គ្រាមបង្កវិនាសកម្មខ្លាំងលើប្រទេសជាតិ និងជីវិតប្រជាជនយ៉ាងច្រើន បទពិសោធអតីតកាលរបស់កម្ពុជា ក៏បានបង្ហាញ ទិដ្ឋភាពជាក់ស្តែង នៅបណ្តាប្រទេសអារ៉ាប់មួយចំនួន ដែលហែកហួរដោយបដិវត្តន៍ពណ៌ក៏បានឃើញ ចុះហេតុអ្វីបានជាមនុស្សមួយចំនួនតូច ចូលចិត្តញុះញង់ចង់បានសង្គ្រាម មកវិញ និងចូលចិត្តបង្កាត់ភ្នក់ភ្លើងសង្គ្រាមឡើងវិញ ដោយមិនដឹងខ្លួន? មនុស្សមួយចំនួនតូចពិសេសអ្នក គាំបក្សប្រឆាំងហានក្លាជ្រុល ងប់ជ្រុល រហូតត្រៀមខ្លួនរួចជាធ្វើស្រមោច និងត្រី។
តើដើម្បីអ្វី? តាមពិតពួក គេមិនដែលឆ្លងកាត់ ទុក្ខសោកក្នុងសង្គ្រាម ពួកគេពិតជាមិនបានដឹងថា ការឈឺចាប់ដោយសារតែ ការបាត់បង់ក្នុងភ្នក់ភ្លើងសង្គ្រាម មានទំហំកម្រិតណាឡើយ។ តើសប្បាយណាស់ទៅឬ ដែលឃើញកម្លាំងខ្មែរក្រហមជម្លៀសប្រជាជន ជាង២លាននាក់ ចេញពីទីក្រុងភ្នំពេញ? សប្បាយណាស់ទៅឬ ដែលឃើញពលរដ្ឋខ្មែរជាច្រើនលាននាក់ ដែលក្នុងនោះមានសាច់ញាតិគេ សាច់ញាតិយើង បានស្លាប់បាត់បង់ជីវិតដោយអយុត្តិធម៌ និងខ្លោចផ្សារកអ្វីប្រៀបផ្ទឹមពុំបាន?
តើសប្បាយណាស់ទៅឬ ដែលពលរដ្ឋរស់នៅគ្មានសិទ្ធិសេរីភាព សូម្បីសិទ្ធិជឿ និងជំនឿសាសនាក៏គ្មាន សិទ្ធិជ្រើសរើសគូស្រករ តាមខ្លួនស្រឡាញ់ក៏គ្មាននោះ? រួមទាំងគ្មានសិទ្ធិ បានទទួលការអប់រំ ខណៈសាលារៀន វត្តអារ៉ាមត្រូវបានខ្មែរក្រហមកម្ទេចចោល ឬធ្វើជាក្រោលគោក្របី ឬជាកន្លែងដាក់ជី។ មិនមែនបន្លាចឡើយ ប៉ុន្តែនេះគឺជាការពិតក្នុងប្រវត្តិសាស្ត្រកម្ពុជា។
តើយើងត្រូវការសង្គ្រាមស៊ីវិលហែកហួរគ្នា និងសម្លាប់ខ្មែរគ្នាឯងបន្តទៅទៀតទេ? ចម្លើយគឺទាំងអស់គ្នានឹងនិយាយថា មិនត្រូវការទេសង្គ្រាម តែសន្តិភាព គឺជាកត្តាចាំបាច់ សម្រាប់ការអនុវត្តនូវសិទ្ធិទាំងអស់ដែលមនុស្សជាតិត្រូវមាន។ សន្តិភាព គឺជាកត្តាសំខាន់ចាំបាច់ដំបូងគេ ដើម្បីធានាថា ប្រទេសមួយ អាចចាប់ផ្តើមមានពេលក្នុងការរៀបចំការអភិវឌ្ឍខ្លួនបាន។
បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍ និងគ្មានសិទ្ធិសេរីភាព សព្វបែបយ៉ាងឡើយ។ កម្ពុជាដូចគ្នា បើសិនជាគ្មានសន្តិភាព ដែលរកបានដោយលំបាកនេះទេ ម្ល៉េះកម្ពុជានៅពេលនេះ នៅតែបន្សល់ទុកការបែងចែក ទឹកដីជាពីរ មានរដ្ឋាភិបាលពីរ កងទ័ពពីរ អសន្តិសុខ អស្ថេរភាពនៅឡើយ។ ការដាក់ឲ្យអនុវត្ត នយោបាយឈ្នះឈ្នះ នៅឆ្នាំ១៩៩៦ ដោយសម្តេចតេជោ ហ៊ុន សែន កម្ពុជាបានបញ្ចប់ទាំងស្រុង នូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ និងនាំយកនូវសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹក ដី អធិបតេយ្យភាព និងការផ្សះផ្សារ និងការបង្រួបបង្រួមជាតិមិនដែលមានសោះ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាក្នុងរយៈពេលជាង៥០០ឆ្នាំចុងក្រោយនេះ។
កម្ពុជា បានបោះជំហានចេញពីប្រទេស ដែលបានទទួលកងទ័ពមួកខៀវនៅលើទឹកដីខ្លួន ទៅជាប្រទេសដែលបញ្ជូនកងកម្លាំងទ័ពមួកខៀវ ក្នុងក្របខ័ណ្ឌបេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិទៅកាន់ប្រទេស ដទៃដែលរហូតមកទល់ពេលនេះ មានកងទ័ពកម្ពុជាជាច្រើនពាន់នាក់ បានចេញបេសកកម្មនៅប្រទេសជាច្រើនក្នុងពិភពលោក។
នេះគឺជាមោទនភាពរបស់កម្ពុជា ដែលជាប្រទេសរងសោកនាដកម្ម ដោយសង្គ្រាម ប៉ុន្តែបានស្តារកេរ្តិ៍ឈ្មោះ និងកិត្តិយសនៅលើសកលលោកឡើងវិញ ជាប្រទេសដែលផ្តល់មេរៀនសន្តិភាព ជូនដល់ប្រទេសមួយចំនួនក្នុងតំបន់។ ហេតុដូច្នេះហើយបានជា សន្តិភាព គឺជាកត្តាចាំបាច់ដែលកម្ពុជាត្រូវការ មិនមែនត្រឹមតែមនុស្ស ដែលត្រូវការសន្តិភាព សូម្បីសត្វ ព្រៃប្រឹក្សាក៏ត្រូវការសន្តិភាព និងរស់នៅរីកលូតលាស ក្នុងសុខសន្តិភាពដែរ។
២៖ការអភិវឌ្ឍដែលរាស្ត្រត្រូវការ៖ សង្គ្រាមជិតបីទសវត្សរ៍បានបំផ្លិចបំផ្លាញ កម្ពុជាស្មើសូន្យ។ ដំណើរស្តារ និងកសាងប្រទេសចេញពីបាតដៃទទេ ក្រោយពីរំដោះប្រទេស និងប្រជាជនកម្ពុជា ពីរបបខ្មែរក្រហម បានឆ្លងកាត់ផ្លូវដ៏លំបាកលំបិន។ កម្ពុជាពេលនោះ បានប្រើដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញ នូវរបបខ្មែរក្រហម និងដៃម្ខាងទៀត ខិតខំប្រឹងកសាងប្រទេសចេញពីគំនរផេះផង់ ឈាមនិងទឹកភ្នែក។
នៅអំឡុងឆ្នាំ១៩៧៩-១៩៩១ រដ្ឋាភិបាលលោកខាងលិចមួយចំនួន បានជ្រើសយកការគាំទ្រចំពោះភាគី ដែលខុសដោយបានជ្រើសយកភាគ ដែលជំរុញឲ្យមានភាពអសណ្តាប់ធ្នាប់ ដែលរួមមានទាំងក្រុមខ្មែរក្រហមផងដែរ ហើយប្រឆាំងនឹងក្រុមដែលជំរុញការអភិវឌ្ឍ។ ការអភិវឌ្ឍដែល នាំប្រទេសឲ្យរីកចម្រើន ក្នុងអត្រាកំណើន ផលិតផល ក្នុងស្រុកសរុបជាមធ្យមជាង៧% នៅក្នុងរយៈកាលពីរទសវត្សរ៍ចុងក្រោយនេះ ហើយបានកាត់បន្ថយភាពក្រីក្រ ពីជាង៥០% នៅឆ្នាំ១៩៩០ ឲ្យធ្លាក់នៅត្រឹមក្រោម១០% នៅឆ្នាំ២០១៨។
ជាមួយគ្នានេះ កម្ពុជាជាប្រទេសមួយដែលសម្រេចបាន ស្ទើរតែគ្រប់គោលដៅអភិវឌ្ឍន៍សហវត្សរ៍។ កម្ពុជាបច្ចុប្បន្ន មានឋានៈជាប្រទេសដែល មានចំណូលមធ្យមកម្រិតទាប ហើយនៅឆ្នាំ២០៣០ នឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០កម្ពុជា នឹងក្លាយជាប្រទេស មានចំណូលខ្ពស់។
ទម្រាំមានការរើកចម្រើនមកទល់សព្វថ្ងៃនេះ ទាំងរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទាំងមូលបានពួតដៃគ្នា ដើម្បីកសាងប្រទេសកម្ពុជាដ៏កំសត់ នេះឡើងវិញ ចេញពីបាតដៃទទេ។ ទោះបីជាមិនល្អឥតខ្ចោះ ប៉ុន្តែការអភិវឌ្ឍដែលកម្ពុជា បានធ្វើរហូតមកទល់ពេលនេះ បានទាញខ្លួនចេញពីភាពក្រីក្របំផុត ហើយកំណើនសេដ្ឋកិច្ច មានក្នុងរង្វង់៧% ក្នុងមួយឆ្នាំ រហូតដល់គេប្រសិទ្ធនាមសេដ្ឋកិច្ចកម្ពុជា គឺជាខ្លានៅអាស៊ី។ ការអភិវឌ្ឍ ដែលយើងទាំងអស់គ្នាមើលឃើញ និងកំពុងតែទទួលបាននេះ មិនអាចកើតមានឡើយ ប្រសិនកម្ពុជាជាទីស្រឡាញ់របស់យើង មិនមានសុខសន្តិភាព។
អតីតកាលបានបង្ហាញច្បាស់ណាស់ ពេលដែលប្រទេសយើងជាប់ដៃក្នុងភ្នក់ភ្លើង សង្គ្រាមស៊ីវិល យើងបាត់បង់ពេលវេលា ក្នុងការអភិវឌ្ឍប្រទេសស្ទើរតែទាំងស្រុង ប៉ុន្តែសម្រាប់ប្រទេសជិតខាងរបស់យើងដូចជាថៃ សិង្ហបុរីជាដើមបាន បោះពួយយ៉ាងលឿនលើការអភិវឌ្ឍប្រទេស។ កម្ពុជា ទើបនឹងមានសុខសន្តិភាពពេញលេញ២០ឆ្នាំ កម្ពុជា បានស្តារ និងអភិវឌ្ឍប្រទេសបានប៉ុណ្ណេះ ហើយការអភិវឌ្ឍនេះ នឹងបន្តរីកចម្រើនឡើងកាន់តែច្រើនថែមទៀត។
យើងក៏ត្រូវទប់ស្កាត់ និងប្រឆាំងដាច់ខាតផងដែរ នូវការប៉ុនប៉ងណាមួយនាំកម្ពុជា ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម និងការបង្កអស្ថេរភាព អសន្តិសុខ និងភាពគ្មានសណ្តាប់ធ្នាប់ នៅក្នុងសង្គមកម្ពុជា ដែលជាឧបសគ្គចម្បង ដល់ដំណើរអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា។ កម្ពុជា ត្រូវការសន្តិភាព ប្រជាជនកម្ពុជា ត្រូវការអភិវឌ្ឍ ហើយពួកគាត់មិនត្រូវការសង្គ្រាមឡើយ។ ប្រទេសមានសន្តិភាព យើងអាចមានឱកាសធ្វើអ្វីៗ សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនជាច្រើន និងជាពិសេសសម្រាប់អនាគត ប្រទេសជាតិ និងប្រជាជនកម្ពុជារាប់ជំនាន់បន្តទៅមុខទៀត។
តើយើងចង់ឲ្យប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្លាប់ឆ្លងកាត់កើតឡើងច្រំដែលទេ? ប្រទេសមានសន្តិភាព១០ ទៅ២០ឆ្នាំ វិលចូលសង្គ្រាមបំផ្លិចបំផ្លាញឡើងវិញម្តង? ចម្លើយគឺទេ! កម្ពុជាដ៏កម្សត់ធ្លាប់ត្រូវបានបំផ្លិចបំផ្លាញ ស្ទើរមើលមិនស្គាល់ គ្រប់ទីកន្លែងគរដោយកាកសំណល់ សង្គ្រាម គំនរឆ្អឹងជនរងគ្រោះ រណ្តៅកប់សាកសពមនុស្សធំៗ និងពលរដ្ឋខ្មែរដែលរួតរឹតដោយវិបត្តិផ្លូវចិត្ត។
ឥឡូវកម្ពុជា បានស្តារមុខមាត់ថ្មី សន្តិភាពមាន ពេញលេញរាស្ត្រភាគច្រើនលើសលប់សប្បាយរីករាយ ការអភិវឌ្ឍបានបោះជំហានទៅមុខជានិច្ច។ ជាមួយផ្លៃផ្លា ដែលកើតចេញពីសុខសន្តិភាពនេះ យើងទាំងអស់គ្នា ត្រូវពួតដៃការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍនេះឲ្យបានទោះក្នុងតម្លៃណាក៏ដោយ និងដឹកដៃគ្នា ទាំងអ្នកមានជីវិតភាពក្រីក្រ មធ្យម អ្នកមាន ធ្វើដំណើរបន្តឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងទាំងអស់គ្នា។
ដូច្នេះដើម្បីការពារសន្តិភាព និងការអភិវឌ្ឍរបស់យើងដែល មានសព្វថ្ងៃនេះ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ! ទៅបោះឆ្នោតដើម្បីខ្លួនយើង និងដើម្បីលទ្ធិប្រជាធិបតេយ្យ និងមាតុភូមិយើង!
ដោយ៖ ចៅ ចាក់ស្មុក រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨