(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដង្ហែក្បូនបិទយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងគគ្រឹកគគ្រេង និងបានប្ដេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលជ័យជម្នះក្នុងការបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
ក្នុងឱកាសជួបជុំដ៏ច្រើនកុះករនេះ សមាជិក-សមាជិកាគណបក្សប្រជាជន បានទស្សនាការផ្សាយបន្តផ្ទាល់នូវការថ្លែងសុន្ទរកថាបិទរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅរាជធានីភ្នំពេញ ដែលមានសមាជិក-សមាជិកាគណបក្សប្រជាជនចូលរួមរាប់ម៉ឺននាក់ ក្នុងខណៈពេលដែលសមាជិក-សមាជិការាប់លាននាក់ទៀតនៅទូទាំងប្រទេស ក៏បាននិងកំពុងប្រារព្ធពិធីបិទយុទ្ធនាការនេះផងដែរ។
លោក ថោង ខុន បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានងើបឡើងតស៊ូលះបង់ជីវិត ដើម្បីរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានស្តារ និងកសាងប្រទេសជាតិចាប់ពីបាតដៃទទេររហូតមានអ្វីៗមកដល់សព្វថ្ងៃនេះ បាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានធ្វើឱ្យសេដ្ឋកិច្ចជាតិមានកំណើនល្អ ក្នុង២ទសវត្សរ៍ចុងក្រោយនេះ ពិសេសបានធ្វើឱ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ-កម្មការីនី និងប្រជាពលរដ្ឋ កាន់តែមានជីវភាពធូរធាប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាចូលរួមថែរក្សា និងការពារនូវរាល់ស្នាដៃ និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានខិតខំកសាងឡើង ទោះក្នុងតម្លៃណាក៏ដោយត្រូវរួមគ្នាការពារសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជាឲ្យបាន ពិសេសបន្តគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៦ និងអាណត្តិក្រោយៗទៀត។
សម្រាប់ស្រុកបារាយណ៍ ក្រុមការងារ និងមន្ត្រីបក្សគ្រប់លំដាប់ថ្នាក់ រួមទាំងគណបក្សស្រុក ឃុំ សាខាបក្សភូមិ និងសកម្មជនយុវជនបក្ស បានខិតខំប្រឹងប្រែង និងរួមសហការគ្នា គាំទ្រដល់ដំណើរការបោះឆ្នោតតាំងពីមុនយុទ្ធនាការ និងក្នុងពេលយុទ្ធនាការនេះ បានប្រព្រឹត្តទៅដោយរលូន។
ទាំងអស់គ្នាបានស្រែកបន្លឺថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី កម្ពុជានឹងបន្តឈានទៅមុខយ៉ាងស្វាហាប់ឥតរាថយ ដើម្បីសន្តិភាពដ៏រឹងមាំ ដើម្បីអភិវឌ្ឍន៍ដ៏រុងរឿង និងដើម្បីលទ្ធិប្រជាធិបតេយ្យ។
សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព!
យើងនឹងទៅបោះឆ្នោតទាំងអស់គ្នា បោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតា និងមានលេខរៀងទី២០៕