(ឧត្ដរមានជ័យ)៖ លោក គន់ គីម សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈពង្រឹងការងារគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ និងជាបេក្ខជនតំណាងរាស្ដ្រមណ្ឌលឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាង ៧,០០០នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលមកពីឃុំចំនួន៥ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ថ្លែងក្នុងឱកាសនោះ លោក គន់ គីម ក៏បានថ្លែងអំណរគុណដល់ក្រុមការងារចុះពង្រឹងភូមិ/ឃុំ និងសមាជិក-សមាជិកា នៃគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្ត និងទ្រពធន ដើម្បីចូលរួមអភិវឌ្ឍន៍ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងចូលរួមសកម្មភាពឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃបញ្ចប់។
បន្ទាប់ពីបានស្តាប់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងសុន្ទរកថាបិទយុទ្ធនាការរួចហើយនោះ លោក គន់ គីម បានដឹកនាំសមាជិក សមាជិកាដង្ហែក្បូនឃោសនារកអ្នកគាំទ្រសំឡេងឆ្នោតថ្ងៃចុងក្រោយ ដោយចុះទៅតាមភូមិឃុំនានា នៅក្នុងស្រុកអន្លង់វែង ដោយធ្វើថ្មើជើងផង ម៉ូតូ និងរថយន្ដ នៅតាមបណ្ដោយផ្លូវជាតិលេខ១៦៤ និងផ្លូវជាតិលេខ ៦៧B។
ក្នុងយុទ្ធនាការថ្ងៃចុងក្រោយនេះ លោក គន់ គីម បានបន្តលើកបង្ហាញប្រជាពលរដ្ឋពីគុណតម្លៃ និងគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា។ គុណសម្បត្តិធំៗនោះមានដូចជាការរំដោះប្រទេសចេញរបបប្រល័យពូជសាសន៍ ចរចារកសន្តិភាព និងការដាក់ចេញនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឈានទៅបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងតាមរយៈការនាំយកទាហានខ្មែរក្រហមទាំងអស់មករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាល។
លោក គន់ គីម បានថ្លែងថា តាមរយៈនយោបាយឈ្នះឈ្នះនេះ ធ្វើឲ្យកម្ពុជាបានបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងរយៈពេល២០ឆ្នាំហើយ ហើយបានជំរុញឲ្យសេដ្ឋកិច្ចជាតិរក្សាកំណើនប្រមាណ ៧ភាគរយជាប់ជានិច្ច ជួយប្រទេសងើបផុតពីប្រទេសក្រីក្រក្លាយជាប្រទេសមានចំណូលទាបកម្រិតមធ្យមនាពេលបច្ចុប្បន្ន។
លោក គន់ គីម បន្តអំពាវនាវដល់សមាជិក សមាជិកា ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យបន្តបោះឆ្នោតគាំទ្រគាំទ្រគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបន្តរក្សាបានសុខសន្តិភាព និងវឌ្ឍនភាព។ ជាពិសេសកសាងប្រទេសក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានការអភិវដ្ឍនៅឆ្នាំ២០៥០៕