(ភ្នំពេញ)៖ សារនយោបាយថ្មីមួយនៅថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតំណាងរាស្រ្ត អាណត្តិទី០៦ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា ជនទាំងឡាយដែលនឹងទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ គឺជាអ្នកស្រលាញ់ និងគាំទ្រដល់លទ្ធិប្រជាធិបតេយ្យ និងហៅថ្ងៃទី២៩ កក្កដា ជាថ្ងៃបុណ្យនៃលទ្ធិប្រជាធិបតេយ្យ ចំណែកជនដែលជឿលើការញុះញង់របស់ក្រុមក្បត់ជាតិ ដោយមិនទៅបោះឆ្នោត គឺជាអ្នកសម្លាប់លទ្ធិប្រជាធិបតេយ្យកម្ពុជា។
ថ្លែងទៅកាន់សមាជិកគណបក្សប្រជាជនកម្ពុជាប្រមាណជាង២៥ម៉ឺននាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អ្នកទៅចូលរួមបោះឆ្នោត គឺជាអ្នកគាំទ្រនូវលទ្ធិប្រជាធិបតេយ្យ ហើយអ្នកដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ពិតជារស់នៅដោយសុខដុមរមនា ជាមួយប្រជាជននៅតាមភូមិឃុំ។ ឯអ្នកមិនទៅចូលរួមបោះឆ្នោតតាមការញុះញង់របស់ពួកក្បត់ជាតិ គឺជាអ្នកបំផ្លាញលទ្ធិប្រជាធិតេយ្យ នោះគឺអាចនឹងមានការសោកស្តាយ ដែលខ្ញុំស្នើសុំឱ្យប្រជាពលរដ្ឋយើង ធ្វើការពិចារណា»។
សារនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងស្របពេលដែល មេចលនាសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលតុលាការកំពុងតាមចាប់ខ្លួន បានអំពាវនាវពីក្រៅប្រទេសឱ្យប្រជាពលរដ្ឋកម្ពុជា កុំចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ លោក សម រង្ស៊ី ក៏ដាក់ចេញនូវយុទ្ធការ «ដេកផ្ទះឈ្នះឯង» ដើម្បីរារាំងសមាជិករបស់ខ្លួនកុំឱ្យទៅបោះឆ្នោត។ មិនតែប៉ុណ្ណោះ ក្រុមប្រឆាំងក៏បានឃោសនាបំភ្លៃដល់ប្រជាពលរដ្ឋថា ការបោះឆ្នោតមានរយៈពេល៣ថ្ងៃ ដើម្បីធ្វើឱ្យខកខានដល់ការបោះឆ្នោតផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ការញុះញង់ «ដេកផ្ទះឈ្នះស្អាត» របស់ក្រុមប្រឆាំង មិនមែនជាអ្វីដែលសមាជិក និងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ត្រូវអនុវត្តទេ។ សមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវទៅបោះឆ្នោត ហើយបោះឆ្នោតឱ្យគណបក្សរបស់យើង។ ចំពោះលទ្ធិប្រជាធិបតេយ្យនេះ សម្តេចបញ្ជាក់ថា ប្រទេសកម្ពុជា បានអនុវត្តលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតជាទៀងទាត់បំផុត បើធៀបនឹងប្រទេសផ្សេងៗ នៅក្នុងតំបន់។
សម្តេចបានមានប្រសាសន៍ទៀតថា «ការបោះឆ្នោត សូមបញ្ជាក់ថា យើងធ្វើតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី២៩ ខែកក្កដា ចាប់ពីម៉ង៧៖០០ព្រឹក ទៅដល់ម៉ោង៣៖០០រសៀល។ កន្លងទៅនេះមានការឃោសនាអកុសលថា ការបោះឆ្នោតនឹងធ្វើឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី២៩ ថ្ងៃទី៣០ និង៣១ ក្នុងគោលដៅទាក់ទាញធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋរបស់យើងរង់ចាំថ្ងៃទី៣០ ឬ៣១ ដើម្បីទៅបោះឆ្នោត។ នេះគឺជាការបំផ្លិចបំផ្លាញ នៃពួកថោកទាប»។
សម្តេចបានបន្តទៀតថា៖ «ឥឡូវគេហ៊ាននិយាយថា ថ្ងៃនេះជាថ្ងៃពេញបរមី ប៉ុន្តែគេនិយាយថា ថ្ងៃពេញបរមីធំ នៅថ្ងៃ១ផ្សេងទៀត ក៏ប៉ុន្តែសូមបងប្អូនជនរួមជាតិត្រូវចាំថា ការបោះឆ្នោតគឺមានតែថ្ងៃទី២៩ ចាប់ពីម៉ោង៧៖០០ព្រឹក ដល់ម៉ោង៣៖០០រសៀលតែប៉ុណ្ណោះ»។
ទន្ទឹមនឹងការអំពាវនាវឱ្យអ្នកគាំទ្រប្រជាធិបតេយ្យទៅបោះឆ្នោត សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យអាជ្ញាធរគ្រប់មូលដ្ឋាន តាមដានមើលចលនាណាដែលរារាំងដល់ការបោះឆ្នោត ហើយសម្តេចក៏ជំរុញឱ្យតាមដានមើល នូវចលនានំបញ្ចុក នៅថ្ងៃទី២៨ និងថ្ងៃទី២៩ផងដែរ៕