(ភ្នំពេញ)៖ ក្នុងបទសម្ភាសខ្លីមួយជាមួយអង្គភាពព័ត៌មាន Fresh News, អគ្គមេបញ្ជាការស្តីទីកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ មិនបានភ្ញាក់ផ្អើលចំពោះការអនុម័ត សេចក្ដីព្រាងច្បាប់ «Cambodia Democracy Act of 2018» របស់សភាអាមេរិក ដែលដាក់ទណ្ឌកម្មទៅលើថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ១៧នាក់។
ដោយទំនងជាចង់ចំអកទៅកាន់ប្រទេសមហាអំណាចនេះវិញ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា សហរដ្ឋអាមេរិកមានអ្នកចេះដឹងច្រើន ប៉ុន្តែនៅតែល្ងង់ខ្លៅ ឱ្យជនខិលខូចមួយចំនួនបោកប្រាស់បាន រហូតដល់អនុម័តលើសេចក្តីព្រាងច្បាប់ខាងលើនេះ។
លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ការសម្រេចអនុម័តលើច្បាប់នេះ ដោយមិនបានស្រាវជ្រាវឱ្យបានម៉ត់ចត់ គឺជាសិទ្ធិរបស់អាមេរិក ដូចដែលប្រទេសនេះបានធ្វើកន្លងមកហើយ ក៏ប៉ុន្តែកម្ពុជាក៏មានសិទ្ធិរបស់កម្ពុជាដែរ។ លោកសម្តែងការហួសចិត្ត ដោយថា អាមេរិកមានមនុស្សជាច្រើនដែលចេះដឹងជ្រៅជ្រះ ក៏ប៉ុន្តែនៅតែល្ងង់ជឿលើការរាយការណ៍ ភូតកុហកអំពីស្ថានភាពកម្ពុជា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ សភាសហរដ្ឋអាមេរិក បានអនុម័តលើសេចក្ដីព្រាងច្បាប់មួយឈ្មោះ «Cambodia Democracy Act of 2018» ដើម្បីស្នើឲ្យមានការដាក់ទណ្ឌកម្មថ្នាក់ដឹកនាំ និងមន្រ្ដីជាន់ខ្ពស់កម្ពុជា ចំនួន១៧រូប។ សេចក្ដីព្រាងច្បាប់នេះ ត្រូវបានស្នើឡើងដោយលោក ថេត យ៉ូហូ (Ted Yoho) សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ រួមទាំងបក្ខពួករបស់គាត់មួយចំនួន ដែលគាំទ្រចំពោះក្រុមប្រឆាំងនៅកម្ពុជា។
សូមជំរាបថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹទ្ធសភា និងរដ្ឋសភា របស់កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ក្តៅៗដោយសម្តែងការខកចិត្តចំពោះសភាអាមេរិក ដែលបានអនុម័ត «ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៨» ដើម្បីវាយប្រហារលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពជាចំនួន១៧រូប៕