(កោះកុង)៖ លោក កៅ ខុនដារ៉ា សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកោះកុង និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកស្រែអំបិល នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ដឹកនាំក្បួនហែរឃោសនារកសំឡេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជានៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានអ្នកចូលរួមជិត៣,០០០នាក់។
បន្ទាប់ពីបានស្តាប់សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន រួចមកលោក កៅ ខុនដារ៉ា បានមានមតិសំណេះសំណាល និងនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ជូនចំពោះជនរួមជាតិ សមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់ ពិសេសសមាជិក សមាជិកា ស្រុកស្រែអំបិលទាំងមូល។
លោក កៅ ខុនដារ៉ា បានថ្លែងនូវការគោរពដឹងគុណ និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះសមាជិក សមាជិកាគណបក្ស និងជនរួមជាតិទាំងអស់ ដែលតែងផ្តល់យុត្តិធម៌ ផ្តល់ជំនឿ ផ្តល់ការគាំទ្រ មានឆន្ទៈ និងសកម្មភាពដ៏ឧត្តុង្គឧត្តម្ត ដែលជាប្រភពកម្លាំងធ្វើឲ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ក្នុងការ ដឹកនាំបម្រើជាតិ និងប្រជាជនដោយជោគជ័យ គ្រប់ដំណាក់កាលជាប្រវត្តិសាស្រ្តរបស់កម្ពុជា ចាប់ពីថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា៦៧ឆ្នាំ កន្លងមកជាពិសេស ចាប់ពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។
ជាមួយគ្នានេះ លោក កៅ ខុនដារ៉ា បានបន្ថែមថាសម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឆ្លងកាត់ស្ថានការណ៍នានាដ៏គ្រោះថ្នាក់ ការពារបាននូវសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម រាំងស្កាត់បានទាន់ពេលវេលានូវឧបាយកលបដិវត្តពណ៌ មានការគាំទ្រពីបរទេសអមិត្ដ ដែលប៉ុនប៉ងធ្វើឲ្យមានការផ្លាស់ប្តូរ ផ្ទុយពីរដ្ឋធម្មនុញ្ញ នឹងនាំជាតិទៅរកគ្រោះមហន្តរាយជាថ្មីម្តងទៀត។
បើតាម លោក កៅ ខុនដារ៉ា សន្តិភាព ស្ថេរភាព រឹងមាំ បានផ្តល់ឱកាសអភិវឌ្ឍសេដ្ឋកិច្ចសង្គម បានប្តូរពីប្រទេសពឹងផ្អែកលើវិស័យកសិកម្ម មកពឹងផ្អែកលើ វិស័យឧស្សាហកម្ម និងសេវាកម្ម ការដាំដុះត្រូវបានបង្វែរពីការដាំដុះសម្រាប់ផ្គត់ផ្គង់គ្រួសារ ទៅជាទំនិញនាំចេញ សាលារៀនត្រូវបានបន្តកសាងឲ្យទៅកៀក ប្រជាជនតាមភូមិ ផ្លូវថ្នល់ ស្ពាន កំពង់ផែ ផ្លូវអាកាសគ្របដណ្តប់កាន់តែច្រើនឡើង លទ្ធភាពផ្គត់ផ្គង់អគ្គីសនីកាន់តែច្រើន និងតម្លៃកាន់ តែទាបទៅ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធទឹកស្រោចស្រពត្រូវបានពង្រីក និងពង្រឹងសមត្ថភាព៕