(មណ្ឌលគិរី)៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ដែលជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតលោក ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បានដឹកនាំសមាជិកសមាជិកា៣២៤៩នាក់ ដែលមានរថយន្តចំនួន២៩៥គ្រឿង និងម៉ូតូចំនួន៨៩៧គ្រឿង យុទ្ធនាការឃោសនារកសំឡេងឆ្នោត កក្រើកក្រុងសែនមនោរម្យ។ ការដង្ហែក្បួនបិទយុទ្ធនាការនេះ សមាជិកសមាជិកាទាំងអស់ បានប្រមូលផ្ដុំនៅទីលានសួនច្បារ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្រោយស្តាប់នូវសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ការដង្ហែក្បួនបានចាប់ផ្តើមដោយឆ្ពោះទៅតាមគោលដៅដែលបានគ្រោងទុកទាំងនៅតាមផ្លូវជាតិ និងផ្លូវលំនានា ក្នុងក្រុងសែនមនោរម្យ។
មុននឹងចាប់ផ្តើមដង្ហែក្បួនលោក ស្វាយ សំអ៊ាង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានផ្តាំផ្ញើដល់សមាជិកសមាជិកាបក្ស ដែលបានចូលរួមហែក្បួនសូមរក្សាសណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ មានភាពចាស់ទុំនយោបាយ គោរពច្បាប់ចរាចរណ៍ មិនប្រើប្រាស់អំពើហិង្សា មានការអធ្យាស្រ័យខ្ពស់ និងមានភាពអត់ធ្មតខ្ពស់់។
លោក ស្វាយ សំអ៊ាង «យើងទាំងអស់គ្នាជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ត្រូវការពារសុខសន្តិភាព ឲ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ ពីព្រោះសុខសន្តិភាព និងការអភិវឌ្ឍដែលកើតឡើងនៅលើទឹកដីកម្ពុជាយើងនេះ គឺបានមកពីពលិកម្មដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជននៅគ្រប់ដំណាក់កាល»។
ជាមួយគ្នានោះលោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នឹងបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍លើគ្រប់វិស័យជាពិសេសដូចជា ជាវិស័យ ដឹកជញ្ជូនផ្លូវគោក វិស័យដឹកជញ្ជូនតាមផ្លូវទឹក និងវិស័យដឹកជញ្ជូនតាមផ្លូវដែកឲ្យមានការរីកចម្រើនថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព និងលើកកម្ពស់កម្រិតជីវភាពរបស់ ប្រជាពលរដ្ឋឲ្យមានភាពរុងរឿង។
លោក ស្វាយ សំអ៊ាង ក៏បានជំរុញឲ្យមហាគ្រួសារបក្សខិតខំប្រឹងប្រែងផ្សព្វផ្សាយគោលនយោបាយ ក៏ដូចជា សមិទ្ធផលសម្រេចបានរបស់គណបក្សប្រជាជនកម្ពុជាជូនប្រជាពលរដ្ឋឲ្យបានជ្រាបច្បាស់ និងផ្ដាំផ្ញើឲ្យពួកគាត់អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ មានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តការដឹកនាំប្រទេសឲ្យកាន់តែមានការរីកច្រើនថែមទៀត៕