(ភ្នំពេញ)៖ បុរសខ្លាំងកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ​ដែលបានរំដោះប្រទេសចេញពីភ្លើងសង្គ្រាម ហើយមានសន្ដិភាពរហូតមកដល់បច្ចុប្បន្ននេះ បានថ្លែងថា ប្រសិនបើកម្ពុជាបានមិនរំលាយក្រុមក្បត់ជាតិ ដែលចង់ទាញកម្ពុជាទៅរកសង្គ្រាមនោះទេ ម្ល៉េះពេលនេះ ម៉ោងនេះ កម្ពុជាកំពុងតែស្ថិតក្នុងស្ថានភាពសង្គ្រាម យ៉ាងជាក់ច្បាស់។

ការមានប្រសាសន៍យ៉ាងដូច្នេះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រមុខគណបក្សប្រជាជនកម្ពុជា ធ្វើឡើងនៅ​ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងឱកាស​ចេញដឹកនាំសមាជិក សមាជិកា ប្រមាណ​២៥ម៉ឺននាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅទីលានកោះពេជ្រ និងវត្តបុទុមវត្តី រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «រយៈពេលចុងក្រោយនេះ យើងក៏បានអនុវត្តនូវវិធានការច្បាប់ដើម្បីកម្ចាត់ពួកក្បត់ជាតិ ដែលមានការប៉ុនប៉ងផ្ដូលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយនាំប្រទេសទៅកាន់សង្គ្រាមវិញ យើងប្ដូរផ្ដាច់ជាមួយនឹងការរក្សាសន្ដិភាព ទោះត្រូវបង់ថ្លៃ យ៉ាងណាក៏ដោយ [...] ហើយប្រសិនបើយើងមិនបំផ្លាញចោលពួកនេះទេ ប្រហែលជាពេលនេះ ម៉ោងនេះ ស្ថិតក្នុងកាលៈទេសៈសង្គ្រាមមួយដ៏ជាក់លាក់»។​

អនាគតនាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅអាណត្តិទី៦ រូបនេះ ក៏បានប្រកាសផងដែរថា កម្ពុជាមិនឲ្យសង្រ្គាមកើតឡើងជាថ្មីទេ ដូច្នេះពលរដ្ឋកម្ពុជាទាំងអស់ ត្រូវការពារសន្តិភាព។ សន្តិភាពសម្រាប់យើងទាំងអស់គ្នា ហើយទាំងអស់គ្នាត្រូវការពារសន្តិភាពឲ្យខាងតែបាន ទោះត្រូវចាយក្នុងតម្លៃណាក៏ដោយ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា បានយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេស ចេញពីរបបប្រល័យពូជសាសន៍ ចំណុចនេះ​អាចមើលឃើញបាន តាមរយៈដំណើរវិវឌ្ឍជាជំហានៗ នៃសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា ហើយ​ការយកជីវិតធ្វើដើមទុន ដើម្បីទាញត្រឡប់មកវិញនូវសន្ដិភាព ដែលបានអវត្តមានតាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលជាថ្ងៃរដ្ឋប្រហារ ដោយប្រទេសក្រៅ។

បើតាមសម្ដេចតេជោ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បានរួមគ្នាខិតខំងើបឈរឡើង ដើម្បីរំដោះប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ ដែលចាត់ទុកដាក់ជាគ្រឹះដ៏សំខាន់មួយ នៃការរស់រានមានជីវិតឡើងវិញ ហើយក៏ជាសិទ្ធិមនុស្សដ៏សំខាន់ គឺសិទ្ធិរស់រានមានជីវិត ប្រកបដោយភាពថ្លៃថ្នូរ៕