(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកំពង់ចាម បានអំពាវនាវដល់សមាជិក-សមាជិកា នៃគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋស្រុកព្រៃឈរ បោះឆ្នោតជូនសម្តេច ហ៊ុន សែន ដើម្បីការពារសមិទ្ធផលនាពេលបច្ចុប្បន្ន និងពន្លឿនការអភិវឌ្ឍប្រទេសកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាពកាន់តែខ្លាំងក្លាថែមទៀត។
ការអំពាវនាវរបស់លោកប្រធាន ប៉ាន សូរស័ក្តិ បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៦ ដែលរៀបចំឡើង នៅមន្ទីគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការចូលរួមពីសមាជិក-សមាជិកា ប្រមាណជាង៣,០០០នាក់។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្ដិ បានរំលឹកពីប្រវត្តិតស៊ូ និងការធ្វើពលិកម្មរបស់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ដើម្បីដណ្តើមយកវិញនូវសុខសន្តិភាព ឯករាជ្យភាព និងបូរណភាពទឹកដី ដែលកម្ពុជា បានបាត់បង់អស់រយៈកាល៥០០ឆ្នាំ ព្រមទាំងស្នាដៃដឹកនាំ និងសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើន ដែលគណបក្សពុះពារសម្រេចបាន ក្នុងរយៈពេលជាង៣៩ឆ្នាំកន្លងមកនេះ។
«នាពេលបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា កំពុងបោះជំហានសន្សឹមៗលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ប្រកបដោយមោទនភាព រីឯប្រជាជនគ្រប់រូប ក៏កំពុងរស់នៅក្រោមដំបូលសន្តិភាព យ៉ាងសុខសាន្ត នៅលើមាតុភូមិជាទីស្នេហារបស់ខ្លួន! នៅក្នុងអាណត្តិទី៦ គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា» លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារចុះពង្រឹងភូមិ/ឃុំទាំង ១៥នៃស្រុកព្រៃឈរ និងសមាជិក-សមាជិកានៃគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្ត និងទ្រពធន ដើម្បីចូលរួមអភិវឌ្ឍន៍ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងចូលរួមសកម្មភាពឃោសនាស្វែងរកសម្លេងឆ្នោតជូនគណបក្ស តាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃបញ្ចប់។
សូមជម្រាបថា ការបោះឆ្នោត គឺជាកាតព្វកិច្ច និងការទទួលខុសត្រូវចម្បងរបស់ប្រជាពលរដ្ឋ នៅក្នុងសង្គមប្រកាន់លទ្ធិប្រជាធិបតេយ្យ ដូចជាប្រទេសកម្ពុជា។ សម្រាប់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃបោះឆ្នោតជាតិ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប មានសិទ្ធិសំដែងឆន្ទៈរបស់ខ្លួន តាមរយៈសន្លឹកឆ្នោត ដើម្បីជ្រើសរើសបេក្ខជនដែលខ្លួនពេញចិត្ត ដោយផ្អែកលើសមត្ថភាពការងារ បទពិសោធន៍ និងទស្សនវិជា្ជ ក្នុងការដោះស្រាយបញ្ហាសង្គម ឱ្យធ្វើជាអ្នកតំណាងរបស់ខ្លួន ដើម្បីដឹកនាំកសាងប្រទេស ឱ្យកាន់តែរីកចម្រើន។ គណបក្សនយោបាយ ដែលទទួលបានសម្លេងឆ្នោតភាគច្រើន មានកាតព្វកិច្ចបង្កើតរដ្ឋាភិបាលថ្មី ក្នុងរយៈពេលយ៉ាងយូរ ៦០ថ្ងៃ ដើម្បីបម្រើប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងដឹកនាំការអភិវឌ្ឍប្រទេស ទៅតាមកម្មវិធីនយោបាយរបស់ខ្លួន៕