(ភ្នំពេញ)៖ ថ្លែងចេញពីកោះពេជ្រ នៅចំពោះមុខអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា រាប់ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយកដ្ឋរដ្ឋមន្ត្រី នៃកម្ពុជា ក្នុងតំណែង នៅព្រឹកនេះ បានមានប្រសាសន៍ អំពាវនាវឱ្យសមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំង សូមប្រុងប្រយ័ត្នគូសច្រឡំ ក្នុងសន្លឹកឆ្នោត។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចតេជោបាន ចេញដឹកនាំសមាជិក សមាជិកា ប្រមាណ ២៥ម៉ឺននាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ប្រមុនបក្សកាន់អំណាចដ៏មានប្រជាប្រិយភាពរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះ៖ «ខ្ញុំបញ្ជាក់ជូនចំណុចនេះបន្តិចចៀសវាងការភាន់ច្រឡំ ឆ្នាំនេះគណបក្សនយោបាយមានច្រើនជាងកាលពីអាណត្តិមុន អាណត្តិ២០០៨ មានតែ១០គណបក្សតែប៉ុណ្ណោះ ឆ្នាំ២០១៣យើង មានតែ០៨គណបក្សតែប៉ុណ្ណោះ អីឡូវយើងបានឈានទៅដល់២០គណបក្ស [....]។ ដូច្នេះ នៅផ្នែកខាងក្រោមសូមបងប្អូនសមាជិក សមាជិកាគណបក្ស និងអ្នកគាំទ្រគណបក្សប្រជាជន ត្រូវប្រុងប្រយ័ត្នការគូសសន្លឹកឆ្នោត ដែលមិនមែនគូសនៅលេខទី២០ ប៉ុន្តែបែរជាគូសនៅលេខទី១០នេះ ឬក៏អាចគូសនៅលេខទី១៩វិញ»។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់បន្ថែមទៀថា នៅផ្នែកខាងក្រោម គឺនៅខាងស្តាំដែលជាចំណុចត្រូវចំណាំនៅទីតាំង នៃការបោះឆ្នោត ព្រោះកាលពីឆ្នាំ២០០៣ យើងបានជួបករណីនេះម្តងរួចមកហើយ រវាងគណបក្សជាជននៅខាងស្តាំង គណបក្សស្រូវនៅខាងឆ្វេង ហើយនៅទីចុងបំផុតសូម្បីតែប្រធានគណបក្សស្រូវ ក៏មានការភ្ញាក់ផ្អើលលើលទ្ធផលសន្លឹកឆ្នោតច្រើនលើសអ្វីដែលជាការរំពឹងទុក។
ប្រធានគណបក្សប្រជាជនកម្ពជា បានបញ្ជាក់ថា ចំពោះករណីគូសសន្លឹកឆ្នោតនេះ សូមបងប្អូនប្រជាពលរដ្ឋអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ទាំងអស់ត្រូវតែយកចិត្តទុកដាក់ទៅលើបញ្ហានេះ។ គណបក្សប្រជាជនកម្ពុជា មានលេខរៀងទី២០ ងាយស្រួលចាំ ងាយស្រួលគិត មានទីតាំងនៅខាងស្តាំនៅក្នុងប្រអប់សន្លឹកឆ្នោតផងដែរ។
ជាមួយគ្នានូវព្រឹត្តិការណ៍ដ៏ធំនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជូនជនរួមជាតិ និងសុំការគាំទ្រពីជនរួមជាតិលើ «កម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣» ដែលជាត្រីវិស័យសម្រាប់ទម្រង់ទិសសកម្មភាពរបស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ចចបម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំទៅមុខ។ កម្មវិធីនយោបាយនេះ បានកំណត់គោលដៅធំៗ ជាយុទ្ធសាស្ត្រ ដូចខាងក្រោម៖
ទី១៖ គោរព និងការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយម និងរាល់សមិទ្ធផលរបស់ជាតិឱ្យបានគង់វង្សស្ថិតស្ថិរជានិរន្តរ៍ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។
ទី២៖ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពយ៉ាយរឹងមាំ មិនឱ្យកម្លាំងណាមួយមករំលោភបំពាន និងបំផ្លាញបានឡើយ ប្រឆាំងដាច់ខាតការជ្រៀតជ្រែករបស់បរទេស ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ទី៣៖ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿលឿនដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប ពលរដ្ឋម្នាក់ៗ មានសិទ្ធិពេញលេញ និងមានភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិ។
ទី៤៖ បន្តអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំ ដែលធានាឱ្យប្រជាជនមានជីវភាពរស់នៅយ៉ាងសមរម្យ ថ្លៃថ្នូរ ដោយចាកផុតពីភាពក្រីក្រ, ពីគ្រោះអវិជ្ជា, ពីជំងឺតម្កាត់នានា, ពីការកេងប្រវ័ញ្ច និងអំពើហិង្សាគ្រប់រូបភាព។
ទី៥៖ ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្រប់ប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីជំរុញការអភិវឌ្ឍប្រទេស និងបង្កើនការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងភពលោក៕