(កណ្តាល)៖ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនោះ លោក ស៊ុន ចាន់ថុល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ បានដឹកនាំសមាជិក សមាជិកាជាង ១ម៉ឺននាក់ជិះកង់បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតកក្រើកស្រុកកោះធំ។
ការដង្ហែក្បួនបិទយុទ្ធនាការនេះ សមាជិក សមាជិកាទាំងអស់បានប្រមូលផ្ដុំនៅកីឡាដ្ឋានស្រុកកោះធំ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ដោយស្តាប់នូវសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ដែលថ្លែងនៅមជ្ឈមណ្ឌលកោះពេជ្រ បន្ទាប់មកការដង្ហែក្បួនបានចាប់ផ្តើមដោយឆ្ពោះទៅតាមគោលដៅដែលបានគ្រោងទុកទាំងនៅតាមផ្លូវជាតិ និងផ្លូវលំនានា។
មុននឹងចាប់ផ្តើមដង្ហែក្បួនលោក ស៊ុន ចាន់ថុល បានផ្តាំផ្ញើដល់សមាជិកសមាជិកាបក្សដែលបានចូលរួមហែក្បួនសូមរក្សាសណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ មានភាពចាស់ទុំនយោបាយ គោរពច្បាប់ចរាចរណ៍ មិនប្រើប្រាស់អំពើហិង្សា មានការអធ្យាស្រ័យខ្ពស់ និងមានភាពអត់ធ្មតខ្ពស់់។
លោកប្រធានគណៈអចិន្ត្រៃយ៍ បានបន្ថែមទៀតថា «យើងទាំងអស់គ្នាជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ត្រូវការពារសុខសន្តិភាព ឲ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ ពីព្រោះសុខសន្តិភាព និងការអភិវឌ្ឍដែលកើតឡើងនៅលើទឹកដីកម្ពុជាយើងនេះ គឺបានមកពីពលិកម្មដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជននៅគ្រប់ដំណាក់កាល»។
ជាមួយគ្នានោះលោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នឹងបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនផ្លូវគោក វិស័យដឹកជញ្ជូនតាមផ្លូវទឹក និងវិស័យដឹកជញ្ជូនតាមផ្លូវដែកឲ្យមានការរីកចម្រើនថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឲ្យមានភាពរុងរឿង។
លោក ស៊ុន ចាន់ថុល ក៏បានជំរុញឲ្យមហាគ្រួសារបក្សខិតខំប្រឹងប្រែងផ្សព្វផ្សាយគោលនយោបាយ ក៏ដូចជាសមិទ្ធផលសម្រេចបានរបស់គណបក្សប្រជាជនកម្ពុជាជូនប្រជាពលរដ្ឋឲ្យបានជ្រាបច្បាស់ និងផ្ដាំផ្ញើឲ្យពួកគាត់អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ មានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាអាចបន្តការដឹកនាំប្រទេសឲ្យកាន់តែមានការរីកច្រើនថែមទៀត៕