(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ប្រធានគណបក្សប្រជាជនកម្ពុជា និងបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៦ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ដែលជាថ្ងៃបញ្ចប់យុទ្ធនាការឃោសនា រកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បានថ្លែងបញ្ជាក់ថា ការងារអាទិភាពសំខាន់មួយ ក្នុងចំណោមការងារអាទិភាពសំខាន់ផ្សេងៗទៀត របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះ គឺការបញ្ចុះតម្លៃអគ្គិសនី ដែលនឹងនាំប្រយោជន៍ដល់ប្រជាជនគ្រប់រូប។
ថ្លែងចេញពីកោះពេជ្រ នៅចំពោះមុខអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារាប់ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការដាក់ចេញនូវការបញ្ចុះតម្លៃអគ្គិសនីជូនប្រជាពលរដ្ឋនេះ មិនត្រឹមតែបានជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែផ្នែកពាក់ព័ន្ធផ្សេងទៀត ជាមួយអគ្គិសនី ក៏ទទួលបានប្រយោជន៍ដែរ ក្នុងនោះតម្លៃពេលតម្លៃអគ្គិសនីចុះថ្លៃ តម្លៃទឹកនឹងចុះថ្លៃដែរ, នៅពេលតម្លៃអគ្គិសនីធ្លាក់ចុះម្ចាស់រោងចក្រ និងម្ចាស់អាជីវកម្ម នឹងទទួលបានប្រាក់ចំណេញកើនឡើង ដូច្នេះលទ្ធភាពការដំឡើងប្រាក់ខែជូនកម្មករ កម្មការិនី ក៏កាន់តែប្រសើរផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ការបញ្ចុះថ្លៃអគ្គិសនី នឹងបានជាប្រយោជន៍ ដល់ប្រជាជនគ្រប់រូបបានប្រើប្រាស់ ហើយតាមរយៈនៃការបញ្ចុះថ្លៃអគ្គិសនី។ ខ្ញុំសូមយកឱកាសនេះដើម្បីបញ្ជាក់ជូនថា ក្នុងនាមជាអនាគតនៃនាយករដ្ឋមន្ត្រីបន្ត ខ្ញុំនឹងបញ្ជាទៅស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឲ្យរកវិធីបញ្ចុះថ្លៃទឹកបន្ថែមទៀត ព្រោះថ្លៃភ្លើងក៏ជាផ្នែកមួយទាក់ទងទៅដល់តម្លៃទឹក នៅពេលដែលតម្លៃភ្លើងត្រូវបានធ្លាក់ចុះ នៅពេលខាងមុខតម្លៃទឹក ក៏ត្រូវមានការធ្លាក់ចុះទៅតាមនោះដែរ ទោះបីតិច ទោះបីច្រើន ព្រោះថាទឹកនៅកន្លែងនីមួយ មិនដូចគ្នានោះទេ កន្លែងខ្លះត្រូវប្រើប្រាស់នូវថ្លៃដើមខ្ពស់ និងកន្លែងខ្លះមានថ្លៃដើមទាប ដែលមានតម្លៃលក់នៅតាមទីកន្លែងខុសៗគ្នា»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ការបញ្ចុះថ្លៃអគ្គិសនី វាក៏នាំមកនូវការប្រកួតប្រជែងរវាងកម្ពុជា ជាមួយនឹងប្រទេសជិតខាង ដែលក្នុងនោះការបញ្ចុះថ្លៃអគ្គិសនី វាមិនគ្រាប់តែសម្រួលដល់ម្ចាស់រោងចក្រ ម្ចាស់សណ្ឋាគារ និងម្ចាស់អាជីវកម្មប៉ុណ្ណោះទេ ក៏ប៉ុន្តែប្រាក់ដែលចំណេញ ពីការបញ្ចុះថ្លៃអគ្គិសនី វានឹងបានទៅជាផលប្រយោជន៍ ដែលដំឡើងដល់ប្រាក់បៀវត្សសម្រាប់កម្មករ កម្មការិនី ដែលធ្វើការនៅទីនោះ»។
ជាមួយគ្នានេះ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងខិតខំបង្កើនប្រាក់បៀវត្សជូនមន្ត្រីរាជការជារៀងរាល់ឆ្នាំ ជាមួយនឹងកំណត់ប្រាក់បើកប្រាក់បៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅរយៈពេល២សប្តាហ៍ម្តង ចាប់ពីឆ្នាំ២០១៩តទៅ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងខិតខំបង្កើនបៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបៀវត្សរបស់កម្មករក្នុងវិស័យឯកជន អមដោយវិធានការចាប់ពីខែមករា ឆ្នាំ២០១៩ តទៅ នោះមិនមែនជាប្រាក់បៀវត្សប្រចាំខែទៀតទេ គឺជាប្រាក់បៀវត្សប្រចាំសប្តាហ៍តែម្តង»។
លើសពីនេះទៅទៀតនោះ សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលនៅតែផ្តល់អាទិភាព៤យ៉ាងសម្រាប់ការវិនិយោគបន្ត គឺ ១៖ ការវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស ដែលអាទិភាពសំខាន់នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល, ទី២៖ ការកសាងផ្លូវដែលជាហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់រួមមានផ្លូវដែក ផ្លូវគោក ផ្លូវទឹក រួមទាំងផ្លូវអាកាសផងដែរ, ទី៣៖ ការដោះស្រាយទឹក ដែលមិនមែនគ្រាន់តែជាបញ្ហាទឹកស្អាតដើម្បីប្រើប្រាស់នោះទេ គឺមានទាំងទឹកស្រោចស្រពក្នុងវិស័យកសិកម្មផងដេរ និងទី៤៖ បន្តការដោះស្រាយលើបញ្ហាអគ្គិសនី ដែលជាបញ្ហាសំខាន់មួយក្នុងបញ្ហាសំខាន់ផ្សេងទៀត ដើម្បីជំរុញការលូតលាស់ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម៕