(កណ្តាល)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម, បានដឹកនាំសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណជាង៣ ពាន់នាក់នៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល, ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត កាលពីព្រឹកថ្ងៃទី ២៧ ខែកក្កដា នេះ, ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៦ ។

លោកអគ្គបណ្ឌិតសភាចារ្យ ដោយមានការចូលរួមពីយុវជនស្រុកល្វាឯម និងសមាជិក-សមាជិកាបក្សមកពីតាមបណ្តាឃុំចំនួន ៤ ក្នុងស្រុកល្វាឯម បានជួបជុំគ្នានៅទីស្នាក់ការបក្សស្រុកល្វាឯម នៅម៉ោង៦ ព្រឹក ដើម្បីរង់ចាំស្តាប់ការផ្ទាយបន្តផ្ទាល់នូវសេចក្តីថ្លែងការណ៍នយោបាយ ដើម្បីបិទយុទ្ធនាការឃោសនាបោះឆ្នោត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មុនពេលចាប់ផ្តើមដឹកនាំហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ចេញពីទីស្នាក់ការបក្សស្រុកល្វាឯម រហូតដល់ឃុំកោះកែវ ដែលជាឃុំស្ថិតនៅក្បែព្រំប្រទល់ជាមួយខេត្តព្រៃវែង ។

លោកអគ្គបណ្ឌិតសភាចារ្យ បានអំពាវនាវឱ្យសមាជិក-សមាជិកាបក្សទូទាំងស្រុកល្វាឯម ទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ នៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ ដើម្បីធានាឱ្យប្រទសកម្ពុជាបន្តមានឯករាជ្យភាព, អធិបតេយ្យភាព និង បូរណភាពទឹកដីពេញលេញ, ប្រជាធិបតេយ្យ និងនីតិរដ្ឋ, សុខសន្ដិភាព និងស្ថិរភាពសង្គម, ភាពរីកចម្រើនរុងរឿង និងការអភិវឌ្ឍលើគ្រប់វិស័យ៕