(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំសមាជិក សមាជិកា យុវជន សមាជិកសមាជិកាទូទាំងខេត្តបន្ទាយមានជ័យប្រមាណ១៧ម៉ឺននាក់ ដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ សម្រាប់នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងខេត្ត។
សម្រាប់លោក កែ គឹមយ៉ាន បានដឹកនាំសមាជិកសមាជិកាជិត៣ម៉ឺននាក់នៅក្រុងប៉ោយប៉ែត ខណៈក្រុមតំណាងរាស្រ្ត និងថ្នាក់ដឹកនាំផ្សេងទៀតបានដឹកនាំនៅតាមក្រុង-ស្រុកសរុប១៧ម៉ឺននាក់។
មុនពេលបញ្ចប់យុទ្ធនាការដង្ហែក្បួនឃោសនាស្វែងរកសំឡេងឆ្នោតនោះ ថ្នាក់ដឹកនាំសមាជិក សមាជិកាទាំងអស់ បានជួបជុំគ្នាដើម្បីស្តាប់សេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្ញើសារជូនជនរួមជាតិនាព្រឹកមិញនេះ។ បន្ទាប់ពីសម្តេចតេជោថ្លែងរួចហើយ ក្បួនបានហែចេញឆ្លងកាត់ទៅតាមស្រុកដ៏ទៃនានា តាមទិសដៅដែលបានកំណត់។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសជូនជនរួមជាតិ និងសុំការគាំទ្រពីជនរួមជាតិលើ «កម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣» ដែលជាត្រីវិស័យសម្រាប់ទម្រង់ទិសសកម្មភាពរបស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ចចបម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំទៅមុខ។ កម្មវិធីនយោបាយនេះ បានកំណត់គោលដៅធំៗ ជាយុទ្ធសាស្ត្រ ដូចខាងក្រោម៖
ទី១៖ គោរព និងការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយម និងរាល់សមិទ្ធផលរបស់ជាតិឱ្យបានគង់វង្សស្ថិតស្ថិរជានិរន្តរ៍ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។
ទី២៖ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពយ៉ាយរឹងមាំ មិនឱ្យកម្លាំងណាមួយមករំលោភបំពាន និងបំផ្លាញបានឡើយ ប្រឆាំងដាច់ខាតការជ្រៀតជ្រែករបស់បរទេស ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ទី៣៖ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿលឿនដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប ពលរដ្ឋម្នាក់ៗ មានសិទ្ធិពេញលេញ និងមានភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិ។
ទី៤៖ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំ ដែលធានាឱ្យប្រជាជនមានជីវភាពរស់នៅយ៉ាងសមរម្យ ថ្លៃថ្នូរ ដោយចាកផុតពីភាពក្រីក្រ, ពីគ្រោះអវិជ្ជា, ពីជំងឺតម្កាត់នានា, ពីការកេងប្រវ័ញ្ច និងអំពើហិង្សាគ្រប់រូបភាព។
ទី៥៖ ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្រប់ប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីជមរុញការអភិវឌ្ឍប្រទេស និងបង្កើនការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងភពលោក៕