(ភ្នំពេញ)៖ កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក ក្នុងការមកទស្សនារបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព ដោយកម្ពុជាសំបូរទៅដោយបេតិកភ័ណ្ឌវប្បធម៌ ធនធានធម្មជាតិ និងកម្ពុជាប្រកបដោយសុខសន្តិភាព និងស្ថិរភាពនយោបាយ។
ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៨នេះ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា មានចំនួនជាង៣លាននាក់ ដែលមានកំណើន១៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។
ប្រមុខដឹកនាំក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា យើងសង្ឃឹមថា នៅឆ្នាំ២០១៨នេះ កម្ពុជានឹងទទួលភ្ញៀវទេសចរអន្តរជាតិ បានប្រមាណជាង៦,២លាននាក់ ក្នុងកំណើន១២% ស្របជាមួយនឹងសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ ធនធាន និងសក្តានុពលទេសចរណ៍ កម្ពុជាសង្ឃឹមថា នឹងទទួលទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ និងប្រមាណ១៥លាននាក់ នៅឆ្នាំ២០៣០។ ព្រមជាមួយនោះទេសចរក្នុងស្រុកចំនួនជាង ១០លាននាក់ បានទស្សនាកម្សាន្តនៅគ្រប់គោលដៅទេសចរណ៍ទូទាំងប្រទេស ប្រកបដោយសុវត្ថិភាព និងភាពរីករាយ។
លោក ថោង ខុន បានបន្តអះអាងច្បាស់ថា កម្ពុជាមានសុវត្ថិភាពពេញលេញចំពោះភ្ញៀវទេសចរ មកទស្សនានៅគ្រប់កន្លែង និងគ្រប់ពេលវេលា ពិសេសនៅក្នុងដំណើរការ និងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ នៅក្នុងខែកក្កដា ឆ្នាំ២០១៨នេះ ដែលជាការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ និងគ្មានអំពើហឹង្សា ហើយសភាពការណ៍ ទេសចរណ៍បាននិងកំពុងប្រព្រឹត្តទៅយ៉ាងល្អប្រសើរ និងរីកចម្រើនឥតឈប់ឈរ។ សូមយកឱកាសនេះដើម្បីប្រកាសអញ្ជើញភ្ញៀវទេសចរ ទាំងអស់ពីគ្រប់ទិសទីមកទស្សនាកម្សាន្តកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ដែលមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ព្រមទាំងប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ។
ការអំពាវនាវ និងសូមអញ្ជើញភ្ញៀវទេសចរទាំងអស់ពីគ្រប់ទិសទីមកទស្សនាកម្សាន្តកម្ពុជា ពីសំណាក់ប្រមុខដឹកនាំក្រសួងទេសចរណ៍ខាងលើនេះ ធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ បានចេញសេចក្ដីជូនដំណឹងមួយដល់ពលរដ្ឋអាមេរិកដែលកំពុងរស់នៅ និងធ្វើដំណើរទេសចរមកប្រទេសកម្ពុជា ឱ្យមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួន ក្នុងអំឡុងពេលនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ការចេញសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកស្តីអំពីសន្តិសុខរបស់កម្ពុជាបែបនេះ ត្រូវបានលោក រីឆាត សុន (Rechhard Son) ជាជនជាតិអាមេរិក ដែលកំពុងរស់នៅប្រទេសកម្ពុជា បានសម្តែងការឈឺចាប់ដែលស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភអំពីស្ថានការណ៍កម្ពុជាពេលបោះឆ្នោត ខុសពីការពិតដែលកើតឡើងនៅកម្ពុជា ហើយលោកបានហៅសេចក្តីជូនដំណឹងរបស់ស្ថានទូតអាមេរិកថា ជា «Fake News»។
ជនបរទេសដែលកំពុងរស់នៅ និងកម្សាន្តនៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា មិនបានព្រួយបារម្ភលើសន្តិសុខ និងសុវត្ថិភាពរបស់ពួកគេ ដូចសេចក្តីថ្លែងការណ៍ របស់ស្ថានទូតអាមេរិកប្រចាំ នៅកម្ពុជានោះទេ នេះបើយោងតាមកិច្ចសម្ភាសន៍ផ្ទាល់របស់អង្គភាពព័ត៌មាន Fresh News ជាមួយភ្ញៀវទេសចរណ៍បរទេស ដែលកំពុងដើរលេងកំសាន្តនៅរាជធានីភ្នំពេញ៕