(ភ្នំពេញ)៖ លោក សាយ សារុន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួនជនដៃដល់២នាក់ ដាក់ពន្ធនាគារដែលបានកាប់ទៅលើមន្រ្តីនគរបាលប៉ុស្តិ៍ផ្សារដើមគរលោក ឃិន ទិត នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក។ នេះបើយោងតាមដីកាឃុំខ្លួនរបស់លោកចៅក្រម ដែលអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគាររបស់ចៅក្រម បានបញ្ជាក់ថា ជនជាប់ចោទទី១ឈ្មោះ លាង សារ៉ាត់ អាយុ៣១ឆ្នាំ និងទី២ឈ្មោះ ឈិន ម៉ាច ហៅ ឈិន ពិសិដ្ឋ អាយុ២៨ឆ្នាំ ដែលពួកគេទាំង២នាក់ ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទ «ឃាតកម្ម»។
សូមជម្រាបថា លោក ឃិន ទិត មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ត្រូវជនល្មើសកាប់ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលបំពេញការងារ ចុះទៅសាកសួរជនប្រព្រឹត្តបទល្មើស តាមពាក្យបណ្តឹង របស់អ្នករត់ម៉ូតូកង់បី ដែលកើតជម្លោះជាមួយម្ចាស់ស្តង់លក់ផ្លែឈើនៅផ្សារនាគមាស កាលពីវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ សិ្ថតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោល រាជធានីភ្នំពេញ។
លុះនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមជាមួយលោកស្នងការរង លោកអធិការ លោកអធិការរងនគរបាលខណ្ឌទួលគោក បានចុះសួរសុខទុក្ខដល់លោកអនុសេនីយ៍ឯក ឃិន ទិត នៅមន្ទីរពេទ្យកាល់ម៉ែត។
លោកវរសេនីយ៍ឯក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាក់ឲ្យដឹងថា ក្នុងឱកាសចុះសាកសួរសុខទុក្ខនោះដែរ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បាននាំយកថវិកាចំនួន៥លានរៀល ជូនដល់ជនរងគ្រោះដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ។ លើសពីនេះ នាយឧត្តមសេនីយ៍ ក៏បានជួយសម្រួលតាមសំណើរបស់ក្រុមគ្រួសារជនរងគ្រោះ ធ្វើលិខិតឆ្លងដែនជូនរងគ្រោះឲ្យបានឆាប់។
លោកវរសេនីយ៍ឯក ហ៊ុន សុធី បន្ទាប់ទទួលដំណឹងអំពីករណីគ្រោះថ្នាក់របស់លោកអនុសេនីយ៍ឯក យិន ទិត រូបលោករួមជាមួយលោកអធិការរង និងនាយប៉ុស្តិ៍ទឹកល្អក់៣ បានចុះសួរសុខទុក្ខ ដល់លោកអនុសេនីយ៍ឯក ឃិន ទិត នៅមន្ទីរពេទ្យកាល់ម៉ែត និងបាននាំយកថវិការចំនួន១លានរៀល និងលោកនាយប៉ុស្តិ៍ចំនួន១០ម៉ឺនរៀល ជូនដល់លោកអនុសេនីយ៏ឯក ឃិន ទិត ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រៅពីថវិកាខាងលើនេះ ក៏មានសប្បុរសជនផ្សេងទៀតជួយឧបត្ថម្ភដល់ជនរងគ្រោះផងដែរ អភិបាលខណ្ឌទួលគោកចំនួន២០០ដុល្លារ និងថវិកាប៉ុស្តិ៍នគរបាលផ្សារដើមគរ១លានរៀល។
ជាមួយគ្នានេះ ក្រុមគ្រួសារជនរងគ្រោះ សូមគោរពថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនគរបាលនៃស្នងការដ្ឋានរាជធានី ដែលបានយកចិត្តទុកដាក់ដល់ថ្នាក់ក្រោម និងមិត្តនគរបាលទាំងអស់ ដែលបានជួយជាកំលាំងចិត្ត និងថវិកាសម្រាប់ព្យាបាលសង្គ្រោះជីវិត៕