(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Southwest Airlines បានឲ្យដឹងថាហេតុការណ៍ដ៏អាក្រក់មួយកាលពីខែមេសាកន្លងទៅ ដែលបានបណ្តាលឲ្យស្រ្តីជាអ្នកដំណើរម្នាក់បាត់បង់ជីវិតនោះ បានធ្វើឲ្យខ្លួនខាតបង់ថវិកាក្នុងមុខជំនួញអស់ប្រមាណ ១០០លានដុល្លារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ CNN Money នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨។
ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅក្រុង Dallas នៃរដ្ឋតិចសាស់ បានចេញរបាយកាណ៍បង្ហាញឲ្យឃើញពី ប្រាក់ចំណូលដ៏រឹងមាំនៅត្រីមាសទីពីរ ប៉ុន្តែ Southwest Airlines បានគូសបញ្ជាក់ថា ខ្លួននៅតែមានអារម្មណ៍ថា បានទទួលរងផលប៉ះពាល់ពីគ្រោះថ្នាក់នៃជើងហោះហើរ 1380 ដែលបានធ្វើឲ្យអ្នកដំណើរម្នាក់ស្លាប់ ក្រោយពីស្រ្តីរូបនេះ ត្រូវកម្លាំងខ្យល់ទាញចេញតាមបង្អួចពាក់កណ្តាលខ្លួន។
គួរជម្រាបថា ប៉ុន្មានខែកន្លងទៅនេះក្រុមហ៊ុនអាកាសចរណ៍ Southwest បានទទួលការរិះគន់ជាខ្លាំងក្រោយពីម៉ាស៊ីនប្រភេទ CFM56-7B នៅស្លាបមួយចំហៀងរបស់យន្តហោះ Boeing 737-700 របស់ខ្លួនបានផ្ទុះ នៅក្នុងជើងហោះហើរកាលពីថ្ងៃទី១៧ ខែមេសា ដែលបានធ្វើឲ្យបែកកញ្ចក់បង្អួចរហូតឈានធ្វើឲ្យអ្នកដំណើរតែម្នាក់ប៉ុណ្ណោះឈ្មោះ ជែននីហ្វឺ រីយ៉ូដាន (Jennifer Riordan) ដែលអង្គុយនៅជាប់នោះ និងស្ថិតក្នុងចំណោមមនុស្សទាំងអស់ ១៤៩នាក់ នៅលើយន្តហោះ បានបាត់បង់ជីវិត៕